









នារសៀលថ្ងៃសៅរ៍ ១១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួយលោក Choi Byoung Jin តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយជំនួយមនុស្សធម៌របស់មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ក្នុងទំហំទឹកប្រាក់ជាងមួយលានដុល្លារអាម៉េរិក ប្រគល់ជូនរដ្ឋបាលខេត្តសៀមរាប ដែលដឹកនាំទទួលដោយលោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ស្ថិតនៅសាលាខេត្តសៀមរាប។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលរងខេត្តសៀមរាប បានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូគណៈកម្មការទី១០ព្រឹទ្ធសភា និងបានធ្វើរបាយការណ៍សង្ខេបអំពីវឌ្ឍនភាពការងារលើគ្រប់វិស័យ បញ្ហាប្រឈម និងការចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តសៀមរាប។
អំណោយមនុស្សធម៌ដែលប្រគល់ជូនរដ្ឋបាលខេត្តសៀមរាបនាឱកាសនោះ រួមមានឱសថចំនួន ២៦មុខ សម្រាប់ព្យាបាលជំងឺទូទៅ ដើម្បីរួមចំណែកលើកកម្ពស់វិស័យសុខាភិបាល និងសុខុមាលភាពប្រជាជនខ្សត់ខ្សោយ ជនងាយរងគ្រោះគ្រប់រូប និងជនភៀសសឹកនៅខេត្តសៀមរាប ឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន