



















នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកសំរោង ខេត្តតាកែវ ដែលមានអ្នកចូលរួមសរុបចំនួន១៥០នាក់ ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធរវាងព្រឹទ្ធសភា និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងដើម្បីឈ្វេងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងរួមគ្នារិះរកដំណោះស្រាយនានា ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានជម្រាបជូនអំពីសមិទ្ធផលការងារជាច្រើនដែលព្រឹទ្ធសភានីតិកាលទី៥ សម្រេចបាន និងលទ្ធផលការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។
ឯកឧត្តមបានគូសបញ្ជាក់ថា ការងារអភិវឌ្ឍន៍មូលដ្ឋានត្រូវស្របតាមកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល» ដើម្បីឆ្លើយតបនឹងទិសដៅអភិវឌ្ឍន៍កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
មុននឹងបញ្ចប់ ឯកឧត្តមប្រធានស្តីទីបានផ្តល់នូវអនុសាសន៍ និងទិសដៅសំខាន់ៗរួមមាន៖ បន្តរួមគ្នាការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសមិទ្ធផលសង្គមជាតិ, ខិតខំដោះស្រាយបញ្ហានៅមូលដ្ឋាន ដោយអនុវត្ត «ពង្រួមបញ្ហាធំមកតូច និងបញ្ហាតូចមកជាគ្មានបញ្ហា», ពង្រឹងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» បង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋាន, ពង្រឹងរដ្ឋបាលសាធារណៈជារដ្ឋបាល «របស់ប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន» និងត្រូវត្រៀមលក្ខណៈឱ្យបានល្អសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ ដោយជំរុញឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា និងចូលរួមពិនិត្យឈ្មោះបោះឆ្នោត ព្រមទាំងត្រៀមរាល់ឯកសារសម្រាប់បម្រើការបោះឆ្នោត។ ទន្ទឹមនឹងនោះ ឯកឧត្តមប្រធានស្តីទី ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ បន្តលើកកម្ពស់ជំនឿទុកចិត្តលើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ និង សម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដី និងសន្តិភាព ព្រមទាំងបន្តការយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ ជនភៀសសឹក និងពលករត្រឡប់មកពីប្រទេសថៃវិញ ដែលនេះជាស្មារតីសាមគ្គីភាព និងមនសិការស្នេហាជាតិដ៏ខ្ពង់ខ្ពស់៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន