ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ជំរុញអាជ្ញាធរខេត្តកែបបន្តពង្រឹង «ភូមិ ឃុំ សង្កាត់សុវត្ថិភាព» និងការផ្តល់សេវាសាធារណៈក្រោមស្មារតី «មន្ត្រីជាអ្នកបម្រើប្រជាជន»
 
ចែករំលែក ៖

ខេត្តកែប៖ ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online-Scam) និងការប្រកាន់ខ្ជាប់ស្មារតី «មន្ត្រីជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ត្រូវបានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ឈួន ឆាម ប្រធានស្តីទី លើកឡើងក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ជាពិសេសអង្គបោះឆ្នោត ដែលជាសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៥ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ទាំងអស់ក្នុងខេត្តកែប សរុបចំនួន ៣៥២រូប នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្តមប្រធានស្តីទី បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាជ្ញាធរថ្នាក់ក្រោមជាតិត្រូវខិតខំដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋដោយស្មោះត្រង់ និងទាន់ពេលវេលា ដោយត្រូវអនុវត្តរូបមន្ត «ពង្រួមបញ្ហាពីធំមកតូច និងធ្វើឱ្យបញ្ហាតូចទៅជាគ្មានបញ្ហា» សំដៅលុបបំបាត់ភាពក្រីក្រ និងបង្កើនទំនុកចិត្តសាធារណៈ។ ឯកឧត្តមប្រធានស្តីទី បានសង្កត់ធ្ងន់ថា «មន្ត្រីគឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ត្រូវផ្តល់សេវាចាំបាច់ និងសេវាតម្រូវការជូនប្រជាពលរដ្ឋឱ្យបានលឿន និងរហ័សបំផុត»។
ទន្ទឹមនឹងការជំរុញកែទម្រង់សេវាសាធារណៈ ឯកឧត្តមប្រធានស្តីទីក៏បានគូសរំលេចអំពីរបត់នៃការផ្លាស់ប្តូរទម្រង់ច្បាប់ និងស្ថាប័នសំខាន់ៗ ដើម្បីពង្រឹងគណនេយ្យភាពតំណាង រួមមាន៖ ការរៀបចំធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ-សង្កាត់ ដើម្បីផ្តល់រូបមន្តបែងចែកមុខតំណែងថ្នាក់ដឹកនាំឃុំ-សង្កាត់ឱ្យកាន់តែច្បាស់លាស់ ផ្អែកលើលទ្ធផលបោះឆ្នោតជាក់ស្តែង និងការប្រកាសឱ្យអនុវត្តច្បាប់បោះឆ្នោតព្រឹទ្ធសភាថ្មី ដែលប្រែក្លាយមណ្ឌលភូមិភាគ ទៅជា «មណ្ឌលរាជធានី-ខេត្ត» ចាប់ពីនីតិកាលទី៦ ក្នុងឆ្នាំ២០៣០ តទៅ។
ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធានស្តីទី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរ និងប្រជាពលរដ្ឋខេត្តកែប ព្រមទាំងបានបញ្ជាក់អំពីតួនាទី រចនា សម្ព័ន្ធ និងមុខងាររបស់ព្រឹទ្ធសភា និងអាទិភាពសំខាន់ៗរបស់ព្រឹទ្ធសភានីតិកាលទី៥ ដែលផ្តោតលើការលើកកម្ពស់ការទូតសភា និងការបង្កើនការចុះជិតស្និទ្ធជាមួយអង្គបោះឆ្នោត។ ឯកឧត្តមក៏បានលើកឡើងពីសមិទ្ធផលការងាររបស់ព្រឹទ្ធសភានីតិកាលទី៥ និងលទ្ធផលនៃការចុះបំពេញការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥។
បន្ថែមលើនេះ ឯកឧត្តមប្រធានស្តីទី បានអំពាវនាវយ៉ាងទទូចឱ្យអាជ្ញាធរខេត្តកែបគ្រប់លំដាប់ថ្នាក់ ត្រៀមលក្ខណៈបច្ចេកទេស ជំរុញការចុះឈ្មោះ និងកែសម្រួលបញ្ជីឈ្មោះបោះឆ្នោតឱ្យបានរៀបរយ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ឱ្យបន្តលើកកម្ពស់ជំនឿទុកចិត្តលើការដឹកនាំរបស់ សម្តេចតេជោ និង សម្តេចធិបតី ក្នុងការការពារបូរណភាពទឹកដី និងថែរក្សាសន្តិភាព ព្រមទាំងជំរុញស្មារតីស្រឡាញ់ជាតិ និងសាមគ្គីភាពរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់ តាមរយៈការគាំទ្រដល់កងទ័ពនៅសមរភូមិមុខ ជនភៀសសឹក និងពលករដែលត្រឡប់មកពីប្រទេសថៃ ព្រមទាំងត្រៀមខ្លួនទាញយកប្រយោជន៍ជាអតិបរមាពី «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ដែលឆ្លងកាត់ខេត្តកែប ដើម្បីបង្កើតឱកាសការងារសំបូរបែប និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែធូរធារ និងមានចីរភាព៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ