




រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសហគ្រាសធុនតូច និងមធ្យមនៃសហគមន៍ប្រើភាសាបារាំង ដឹកនាំដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកព្រឹទ្ធសភា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងសហគមន៍ប្រើភាសាបារាំង។
ក្នុងជំនួបនេះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានគូសបញ្ជាក់ពីចំណងមិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រជាជនកម្ពុជា និងបារាំង។ ឯកឧត្តមបណ្ឌិត បានបន្តថា ប្រជាជនកម្ពុជាតែងមានទស្សនៈវិជ្ជមានចំពោះប្រទេសបារាំង និងចងចាំជានិច្ចនូវតួនាទីប្រវត្តិសាស្ត្រដ៏សំខាន់របស់បារាំង ក្នុងការរួមចំណែកដល់ការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា។
ជាការឆ្លើយតប តំណាងសហគមន៍ប្រើភាសាបារាំង (La Francophonie) បានណែនាំអំពីបេសកកម្មរបស់អង្គការអន្តរជាតិនៃប្រទេសប្រើភាសាបារាំង Organisation internationale de la Francophonie (OIF) និង Groupement du Patronat Francophone (GPF) ក្នុងការភ្ជាប់បណ្តាញធុរកិច្ច និងបង្កើតឱកាសវិនិយោគ។ ភាគីបារាំងបានអញ្ជើញកម្ពុជាចូលរួមក្នុងបណ្តាញ GPF និងបានសម្តែងបំណងសហការរៀបចំ «វេទិកាធុរកិច្ចអន្តរជាតិ» នៅកម្ពុជានាឆ្នាំ២០២៨ ដោយផ្តោតលើវិស័យកសិកម្ម និងទេសចរណ៍។
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់បន្ថែមថា កម្ពុជាជាប្រទេសដែលមានសន្តិភាព ស្ថិរភាព និងសុវត្ថិភាពខ្ពស់ ដែលផ្តល់បរិយាកាសអំណោយផលដល់ការធ្វើដំណើរ ការធ្វើអាជីវកម្ម និងការវិនិយោគ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានជម្រាបជូនអំពីស្ថានភាពនៅតំបន់មួយចំនួនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយបានសង្កត់ធ្ងន់ថា ជំហរដាច់ខាតរបស់កម្ពុជាគឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការចរចា ការគោរពច្បាប់អន្តរជាតិ ឯកសារប្រវត្តិសាស្ត្រ និងសន្ធិសញ្ញាដែលមានសុពលភាព ដើម្បីធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែង។
តំណាងសហគមន៍ធុរកិច្ចប្រើភាសាបារាំង បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរសន្តិភាពរបស់កម្ពុជា ដោយបានលើកឡើងថា សន្តិភាពគឺជាគ្រឹះដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ការអប់រំ និងការបង្កើតការងារ។ ភាគីទាំងពីរបានឯកភាពគ្នាថា សន្តិភាព និងស្ថិរភាព នឹងបង្កើតបរិយាកាសអំណោយផលដល់ការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម (SMEs) ព្រមទាំងបង្កើនឱកាសពាណិជ្ជកម្ម និងវិនិយោគ។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានសម្តែងការគាំទ្រចំពោះការពង្រឹងកិច្ចសហប្រតិបត្តិការនេះ និងបានលើកទឹកចិត្តឱ្យភាគីទាំងពីរ បន្តស្វែងរកកិច្ចសហការជាក់ស្តែងដែលផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជន និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យកសិកម្ម ទេសចរណ៍ និងពាណិជ្ជកម្ម។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន