









នៅព្រឹកថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាលម្អិត ស្តីពីការត្រៀមរៀបចំទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម មីន អោង ឡាំង (MIN AUNG HLAING) ប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនៅសាលប្រជុំក្រសួងព្រះបរមរាជវាំង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងបែងចែកភារកិច្ចជូនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យការរៀបចំពិធីទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលល្អប្រសើរ៕
រូបភាព៖ ក្រសួងព្រះបរមរាជវាំង
អត្ថបទ៖ នាយកដ្ឋានព័ត៌មាន