ឯកឧត្តម ងី ច័ន្ទ្រផល ដឹកនាំគណៈប្រតិភូគណៈកម្មការទី១ព្រឹទ្ធសភាចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានក្រុងច្បារមនខេត្តកំពង់ស្ពឺ
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយ ឯកឧត្តមងីច័ន្ទ្រផល ប្រធានគណៈកម្មការ ដោយមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែនប្រចាំខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទូទាំងក្រុងច្បារមន នៅសាលាក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

នាឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំង ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និង ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំខេត្ត រដ្ឋបាលក្រុងច្បារមន អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ស្ពឺ។ លើសពីនេះ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាលក្រុងច្បារមន និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានជម្រាបជូនអំពីបេសកកម្ម និងតួនាទីភារកិច្ចស្នូលរបស់ព្រឹទ្ធសភា ក៏ដូចជាគណៈកម្មការជំនាញទាំង១០។ ឯកឧត្តមបានគូសបញ្ជាក់ថា គណៈកម្មការទី១ នៃព្រឹទ្ធសភា ទទួលបន្ទុកតាមដាន វាយតម្លៃស្ថានភាពសិទ្ធិមនុស្ស និងទទួលពាក្យបណ្តឹងដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ ក្នុងនោះ តួនាទីទទួលពាក្យបណ្តឹងរបស់ព្រឹទ្ធសភា ពុំមែនជាការដោះស្រាយជំនួសស្ថាប័នតុលាការ ឬអាជ្ញាធរនោះឡើយ ប៉ុន្តែជាយន្តការស្វែងយល់ពីទុក្ខលំបាក និងបញ្ហាប្រឈមទាំងឡាយ ដើម្បីជួយសម្របសម្រួល និងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ចក្នុងការដោះស្រាយជូនប្រជាពលរដ្ឋឱ្យចំគោលដៅ។
ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន និងប្រមូលព័ត៌មានអំពីការអនុវត្តការងារ បញ្ហាប្រឈម ព្រមទាំង ស្វែងយល់អំពីស្ថានភាពទំនាស់និងការទទួលពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីជួយសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ចក្នុងការដោះស្រាយ ព្រមទាំងពង្រឹងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់អាជ្ញាធរក្រុង សង្កាត់ អំពីការផ្តល់សេវាសាធារណៈ សកម្មភាពអភិវឌ្ឍន៍មូលដ្ឋាន ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានារួចមក ឯកឧត្តមប្រធានគណៈកម្មការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការយកចិត្តទុកដាក់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាននាពេលកន្លងមក៕

ប្រភព៖នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ