









ក្នុងអំឡុងពេលនៃចន្លោះសម័យប្រជុំព្រឹទ្ធសភាលើកទី៥ ក្រុមសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង ពោធិ៍សាត់ និងខេត្តព្រះសីហនុ) រួមមាន ឯកឧត្តម អ៊ឹង លាងហ៊ួ និងឯកឧត្តម ញ៉ូវ សុង សមាជិកក្រុមបានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សរុបចំនួន ៧៥នាក់ មកពីឃុំទាំង១១ នៃស្រុកក្រគរ នៅសាលាស្រុកក្រគរ ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ឹង លាងហ៊ួ បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំស្រុក មន្ត្រីរាជការ កងកម្លាំងនៅមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងស្រុកក្រគរ ក៏ដូចជាខេត្តពោធិ៍សាត់ ប្រកបដោយក្តីនឹករលឹកបំផុត។ ឯកឧត្តម បានជម្រាបជូនអង្គពិធីអំពីគោលបំណងនៃជំនួបនេះ គឺផ្តោត
សំខាន់លើការពិភាក្សា និងផ្លាស់ប្តូរយោបល់លើប្រធានបទសំខាន់ៗ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈ ការងារអត្រានុកូលដ្ឋាន ការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការរក្សាសណ្តាប់ធ្នាប់សាធារណៈ ការទប់ស្កាត់អំពើអាណាចារ្យ គ្មានការជួញដូរមនុស្ស គ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងការថែរក្សាអនាម័យ បរិស្ថាន ល្អ និងការឆ្លើយតបទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ថម បានមានប្រសាសន៍ផ្តាំផ្ញើដល់អាជ្ញាធរស្រុក-ឃុំ មន្ត្រីពាក់ព័ន្ធ និងកងកម្លាំងនគរបាលរដ្ឋបាលឃុំទាំងអស់ សូមបន្តយកចិត្តទុកដាក់អនុវត្តឱ្យបានខ្ជាប់ខ្ជួននូវកិច្ចការថែរក្សា និងការពារសន្តិភាពក្នុងមូលដ្ឋាន ខិតខំបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ បន្ថែមពីនេះ ត្រូវត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោត ដោយជំរុញការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឱ្យបានត្រឹមត្រូវ និងត្រូវមានបេក្ខជនជាស្រ្តីនៅលំដាប់លេខរៀងជាប់ឆ្នោះ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខឱ្យទទួលបានជោគជ័យ។
ជាទីបញ្ចប់ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានឧបត្ថម្ភថវិកាដល់ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ដែលបានចូលរួមក្នុងម្នាក់ៗចំនួន ៥ម៉ឺនរៀលផងដែរ៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន