ឯកឧត្តម ឈួន ឆាម ផ្តល់អនុសាសន៍ដល់អាជ្ញាធរឃុំទាំង១០ នៃស្រុកដងទង់ ខេត្តកំពត ជំរុញ និងលើកទឹកចិត្តប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត អញ្ជើញទៅចុះឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ខាងមុខ ឱ្យបានគ្រប់ៗគ្នា
 
ចែករំលែក ៖

នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំរបស់ឯកឧត្តម ឈួន ឆាម ប្រធានស្ដីទីក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្ត ស្រុក ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ នៅស្រុកដងទង់ ខេត្តកំពត ដែលមានអ្នកចូលរួមសរុបចំនួន១១៣នាក់។
ក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមប្រធានស្តីទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា និងបានជម្រាបជូនអំពីតួនាទី រចនាសម្ព័ន្ធ មុខងាររបស់ព្រឹទ្ធសភា ជាពិសេសនៅនីតិកាលទី៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានដាក់ចេញនូវអាទិភាពចម្បងចំនួន២ទៀតគឺ ទី១-លើកកម្ពស់ការទូតសភា និងទី២-ជំរុញឱ្យចុះធ្វើការយ៉ាងជិតស្និតជាមួយអង្គបោះឆ្នោត ព្រមទាំងជម្រាបអំពីសមិទ្ធផលការងារជាច្រើនដែលព្រឹទ្ធសភានីតិកាលទី៥សម្រេចបាន និងលទ្ធផលការងារចុះផ្ទាល់របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ព្រមទាំងសភាពការណ៍ជាតិនៅលើឆាកអន្តរជាតិ។
ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទី បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៤ចំណុច៖ ១-ខិតខំពង្រឹងសមត្ថភាព និងតួនាទីភារកិច្ចរបស់ខ្លួន ២-ខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ៣-បន្តផ្សព្វផ្សាយការងារគ្រប់គ្រងបរិស្ថានអនាម័យ និង៤-បន្តផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្តិភាព ដោយទប់ស្កាត់បញ្ហាគ្រោះចរាចរណ៍ ចោរឆក់ ចោរប្លន់ គ្រឿងញៀន ល្បែងស៊ីសង និងជាពិសេសគឺបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online-Scam)…។
នៅទីបញ្ចប់ ឯកឧត្តម ក៏បានណែនាំដល់អាជ្ញាធរទាំងអស់ ត្រូវជំរុញឱ្យប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោត ទៅចូលរួមចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្នា ចូលរួមពិនិត្យឈ្មោះបោះឆ្នោត ព្រមទាំងត្រៀមរាល់ឯកសារសម្រាប់បម្រើការបោះឆ្នោត និងត្រៀមលក្ខណៈឱ្យបានល្អប្រសើរ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខ ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ