ឯកឧត្តម អ៊ុច បូររិទ្ធ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសំណើរបស់រដ្ឋសភាពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ចំនួន៤ និងពិនិត្យសម្រេចនីតិវិធីបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ១៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសរាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
២-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិ និងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋានបុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី។
៣-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ីស្តីពីការការពារពលរដ្ឋទៅវិញទៅមក ក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ អន្តរជាតិ។
៤-ពិនិត្យសំណើរបស់រដ្ឋសភា សុំពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។
៥-ពិនិត្យ និងសម្រេចអំពីនីតិវិធីបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា ទៅក្នុងរបៀបវារៈកិច្ចប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។
៦-ផ្សេងៗ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ