កម្ពុជាជំរុញការការពារបេតិកភណ្ឌវប្បធម៌ និងបញ្ជាក់ការត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ APA នៅឆ្នាំ២០២៧
 
ចែករំលែក ៖

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ដែលមានសមាសភាពពីព្រឹទ្ធសភា និងរដ្ឋសភាចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីកិច្ចការសង្គម និងវប្បធម៌ នៃសភាតំបន់អាស៊ី (APA) នៅទីក្រុងឌូស្ហាន់បេ សាធារណរដ្ឋតាជីគីស្ថាន។ ក្នុងឱកាសនោះ កម្ពុជាត្រូវបានអង្គប្រជុំជ្រើសតាំងជាអនុប្រធាននៃកិច្ចប្រជុំ។
ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តម ងី ច័ន្ទ្រផល បានលើកឡើងពីភាពចាំបាច់នៃការការពារបេតិកភណ្ឌវប្បធម៌ក្នុងពេលមានជម្លោះ ដោយបញ្ជាក់ថា ការបំផ្លាញបេតិកភណ្ឌរបស់ជាតិមួយ គឺជាការបាត់បង់របស់មនុស្សជាតិទាំងមូល។ ឯកឧត្តមបានរំលឹកអំពីការខូចខាតធ្ងន់ធ្ងរលើប្រាសាទព្រះវិហារក្នុងការប៉ះទង្គិចប្រដាប់អាវុធតាមព្រំដែនកម្ពុជា-ថៃ ក្នុងឆ្នាំ២០២៥ និងជំហររបស់កម្ពុជា ដែលបដិសេធការចោទប្រកាន់ថា ប្រាសាទនេះត្រូវបានប្រើជាមូលដ្ឋានយោធា។ ឯកឧត្តមក៏បានអំពាវនាវឱ្យដោះស្រាយវិវាទដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់ ដោយសង្កត់ធ្ងន់ថា «ប្រាសាទបុរាណ មិនមែនជាគោលដៅយោធាទេ» និង «ប្រវត្តិសាស្ត្រ មិនអាចសរសេរឡើងវិញដោយកម្លាំងបានទេ»។
ដើម្បីបម្លែងគោលការណ៍ទាំងនេះទៅជាសកម្មភាពជាក់ស្តែង ឯកឧត្តមបានលើកឡើងពីអាទិភាពរបស់កម្ពុជា រួមមាន ការបង្កើតបណ្តាញទីក្រុងបុរាណជាបងប្អូន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតក្នុងការអភិរក្សបេតិកភណ្ឌ ការទប់ស្កាត់ និងផ្តន្ទាទោសអំពើលួច ការបំផ្លិចបំផ្លាញ និងការជួញដូរវត្ថុបុរាណខុសច្បាប់ ព្រមទាំងការស្វែងរកយុត្តិធម៌ចំពោះការបំផ្លាញបេតិកភណ្ឌក្នុងពេលមានជម្លោះ។ ឯកឧត្តមក៏បានជំរុញការទូតបង្ការជម្លោះសម្រាប់ការការពារបេតិកភណ្ឌ តាមរយៈការទំនាក់ទំនងទាន់ពេលវេលា ការតាមដានបច្ចេកទេស និងកិច្ចសហប្រតិបត្តិការជាមួយអ្នកជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំបានអនុម័តសេចក្តីសម្រេចថ្មីចំនួន២ ដែលស្នើដោយតាជីគីស្ថាន ស្តីពីការពង្រឹងវប្បធម៌សន្តិភាព ការអត់ឱន និងការគោរពគុណតម្លៃវប្បធម៌របស់ប្រជាជាតិ និងស្តីពីការប្រើប្រាស់ទឹកប្រកបដោយការទទួលខុសត្រូវ និងចីរភាព។ អង្គប្រជុំក៏បានឯកភាពពន្យារការពិនិត្យសេចក្តីព្រាងសេចក្តីសម្រេចចំនួន១៤ ដែលបានពិភាក្សាកន្លងមក ទៅកិច្ចប្រជុំបន្ទាប់នៅឆ្នាំ២០២៧ ហើយបានផ្លាស់ប្តូរបទពិសោធន៍អំពីការលើកកម្ពស់តួនាទីស្ត្រីក្នុងសភា និងសង្គម។
ក្នុងឱកាសបំពេញបេសកកម្មនេះ ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានជួបពិភាក្សាជាមួយអនុប្រធានរដ្ឋសភាតាជីគីស្ថាន ប្រធានគណៈប្រតិភូបារ៉ែន និងអគ្គលេខាធិការ និងអគ្គលេខាធិការរង APA ព្រមទាំងត្រូវបានអញ្ជើញឱ្យថ្លែងក្នុងកិច្ចប្រជុំគណៈកម្មការដឹកនាំរបស់ APA ផងដែរ។ កិច្ចពិភាក្សាទាំងនេះបានផ្តោត លើការពង្រឹងទំនាក់ទំនងសភា ការផ្លាស់ប្តូរបទពិសោធន៍ ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងការតាមដានការអនុវត្តសេចក្តីសម្រេចរបស់ APA ជាពិសេសកិច្ចសហការត្រៀមរៀបចំកិច្ចប្រជុំនៅកម្ពុជាក្នុងឆ្នាំ២០២៧។
បន្តពីលទ្ធផលនៃកិច្ចប្រជុំនៅឌូស្ហាន់បេ ឯកឧត្តមបានបញ្ជាក់ការត្រៀមខ្លួនរបស់កម្ពុជាក្នុងការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ ស្តីពីកិច្ចការសង្គម និងវប្បធម៌ នៅឆ្នាំ២០២៧ តាមការឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី។ កម្ពុជាបានលើកសំណើមូលបទបឋមស្តីពី «ភាពចម្រុះវប្បធម៌ និងសាមគ្គីភាពអាស៊ី៖ ការពង្រឹងកិច្ចសហប្រតិបត្តិការសភា ដើម្បីសន្តិភាព ការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងវិបុលភាពរួម» និងបានអញ្ជើញគណៈប្រតិភូសភាសមាជិកទាំងអស់ចូលរួម ដើម្បីរួមគ្នាបន្តកិច្ចសហប្រតិបត្តិការពីតាជីគីស្ថានមកកាន់កម្ពុជា។

ប្រភព​៖​ ខុទ្ទកាល័យ​ឯកឧត្ដម​ អនុប្រធាន​ទី១ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ