
























នៅព្រឹកថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសរាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងកិច្ចការនារី នៃព្រឹទ្ធសភា (គណៈកម្មការទី៨) ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយប្រតិភូនៃក្រសួងសុខាភិបាល ដឹកនាំឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ជំនួបពិភាក្សាការងារអន្តរគណៈកម្មការនេះ មានការអញ្ជើញចូលពីឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន លេខាធិការ សមាជិក សមាជិកាគណៈកម្មការនានា, ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ព្រមទាំងរដ្ឋមន្ត្រី និងប្រតិភូក្រសួងសុខាភិបាល សរុបប្រមាណ ១១៧រូប។
ជំនួបប្រជុំពិភាក្សានេះ រៀបចំឡើងក្នុងក្របខណ្ឌមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងតំណាងប្រជាពលរដ្ឋ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាព សមិទ្ធផល និងការកំណត់ទិសដៅយុទ្ធសាស្ត្ររបស់ក្រសួងសុខាភិបាល ដោយផ្ដោតលើ៖
១.វឌ្ឍនភាព និងសមិទ្ធផល៖ ការដឹកនាំ គ្រប់គ្រង ក្នុងវិស័យសុខាភិបាលឆ្នាំ២០២៥ ក្នុងឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត។
២.ការអនុវត្តគោលនយោបាយ៖ តាមដានអាទិភាពក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ការពង្រីកសេវាថែទាំសុខភាពឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកល និងការលើកកម្ពស់គុណភាពសេវា។
៣.ការពង្រឹងប្រព័ន្ធសុខាភិបាល៖ លើកកម្ពស់ភាពធន់ គុណភាព ប្រសិទ្ធភាព សុវត្ថិភាព ភាពធានានិរន្តរភាព និងបរិយាបន្ន។
៤.កិច្ចសហប្រតិបត្តិការ៖ ពង្រឹងដៃគូរវាងសាធារណៈ ឯកជន និងអន្តរជាតិ។
៥.ការផ្ដល់សេវាជូនប្រជាជន៖ យកចិត្តទុកដាក់លើការផ្ដល់សេវាថែទាំសុខភាពជូនប្រជាជនភៀសសឹក គ្រួសារកងទ័ព និងប្រជាជននៅតាមបណ្ដោយព្រំដែន។
៦.លិខិតបទដ្ឋានគតិយុត្ត៖ ពិនិត្យការរៀបចំផែនការធ្វើបច្ចុប្បន្នភាព និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យសុខាភិបាល។
ប្រភព៖ នាយកដ្ឋានព័ត៌មាន