



















នាព្រឹកថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភា (គណៈកម្មការទី១០) បានអញ្ជើញទទួលស្វាគមន៍សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ៥៥នាក់ ក្នុងឱកាសមកបំពេញទស្សនកិច្ចសិក្សា និងស្វែងយល់អំពីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាលភក្តីវិក្រម១ វិមានព្រឹទ្ធសភា។
ក្នុ ងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានធ្វើបទបង្ហាញពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា តាំងពីចាប់បដិសន្ធិនីតិកាលទី១ (ថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩) រហូតមកដល់នីតិកាលទី៥ បច្ចុប្បន្ន ដោយបានរំលេចនូវសមាសភាព និងរចនាសម្ព័ន្ធព្រឹទ្ធសភា នីតិកាលទី៥៖
– មានសមាជិកសរុប ៦២រូប (អាណត្តិ ៦ឆ្នាំ)
– ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន, ឯកឧត្តម អ៊ុច បូររិទ្ធ ជាអនុប្រធានទី១ និង ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាអនុប្រធានទី២
– មានមុខងារចម្បងចំនួន៣ គឺ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាង
– អាទិភាពចម្បង២ ក្នុងនីតិកាលទី៥ គឺការរឹតចំណងប្រាស្រ័យទាក់ទងជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងការលើកកម្ពស់ការទូតសភា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបានផ្តល់អនុសាសន៍ទូន្មានដល់និស្សិតទាំងអស់ឱ្យប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ ខិតខំប្រឹងប្រែងរៀនសូត្រ ហ៊ានសួរ និងហ៊ានអភិវឌ្ឍសមត្ថភាពខ្លួនឯង ដើម្បីលើកស្ទួយកិត្តិយសគ្រួសារ និងសង្គមជាតិ។
ក្នុងកម្មវិធីទស្សនកិច្ចនេះដែរ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាក៏បានធ្វើបទបង្ហាញលម្អិតអំពី ដំណើរការនីតិកម្ម ព្រមទាំង រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ផងដែរ។
នៅចុងបញ្ចប់ សាស្ត្រាចារ្យ និងនិស្សិតទាំងអស់បានអញ្ជើញដើរទស្សនាសាលប្រជុំពេញអង្គ និងអគារប្រវត្តិសាស្ត្រនានាក្នុងបរិវេណវិមានព្រឹទ្ធសភាដោយបរិយាកាសស្និទ្ធស្នាល។
ប្រភព៖ នាយកដ្ឋានព័ត៌មាន