

នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអនុញ្ញាតឱ្យនិស្សិតកម្ពុជាចំនួន២រូប ដែលកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យអាល់-អាស់ហើរ (Al-Azhar University) នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ចូលជួបសម្តែងការគួរសម សំណេះសំណាល និងទទួលអនុសាសន៍ ដើម្បីទទួលបានការលើកទឹកចិត្ត និងជាទិសដៅសម្រាប់ការបន្តការសិក្សាឱ្យកាន់តែទទួលបានជោគជ័យ។
និស្សិតទាំងពីររូប រួមមាន៖
១. កញ្ញា យ៉ា ហ្វាទីម៉ះ មានទីលំនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជានិស្សិតឆ្នាំទី១ និងត្រៀមបន្តចូលឆ្នាំទី២ នៃការសិក្សានៅប្រទេសអេហ្ស៊ីប។
២. កញ្ញា សារី សុបព្រីយ៉ះ មានទីលំនៅភូមិរកាក្រោម សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ជានិស្សិតឆ្នាំទី១ និងត្រៀមបន្តចូលឆ្នាំទី២ នៃការសិក្សានៅប្រទេសអេហ្ស៊ីប។
ក្នុងឱកាសនោះ ឯកឧត្តម ស្លេះ ពុនយ៉ាមីន បានផ្តល់អនុសាសន៍ និងលើកទឹកចិត្តដល់និស្សិតទាំងពីរ ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ តស៊ូជម្នះរាល់ឧបសគ្គ ពង្រឹងសមត្ថភាព និងយកចិត្តទុកដាក់លើការសិក្សា ព្រមទាំងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់ខ្លួន ដើម្បីក្លាយជាធនធានមនុស្សប្រកបដោយចំណេះដឹង សមត្ថភាព និងគុណតម្លៃ សម្រាប់ចូលរួមចំណែកអភិវឌ្ឍសង្គម និងប្រទេសជាតិនាពេលអនាគត។
ជាមួយគ្នានេះ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ជូនដល់និស្សិតទាំងពីរ ដោយបានលើកឡើងថា ក្នុងនាមជាយុវជនសម័យថ្មី ត្រូវខិតខំតស៊ូរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ មានចំណេះដឹង និងជំនាញច្បាស់លាស់ ព្រមទាំងចេះប្រើប្រាស់បច្ចេកវិទ្យា និងមានភាពឆ្លាតវៃក្នុងការសិក្សាស្រាវជ្រាវ ដើម្បីស្វែងយល់ និងទទួលបានចំណេះដឹងថ្មីៗឱ្យស្របតាមការវិវត្តនៃសម័យកាល។ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការសិក្សានៅក្រៅប្រទេស គួរត្រូវបានយកមកប្រើប្រាស់ប្រកបដោយប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍ លើកកម្ពស់សង្គម និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ឱ្យកាន់តែមានភាពរីកចម្រើន និងចីរភាព។
ជាការរួមចំណែកលើកទឹកចិត្ត និងជួយសម្រួលដល់ការបន្តការសិក្សារបស់និស្សិតទាំងពីរ ក្នុងនាមឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ឯកឧត្តម ស្លេះ ពុនយ៉ាម៉ីន បាននាំយកថវិកាឧបត្ថម្ភជូននិស្សិតទាំងពីរ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០០ដុល្លារអាម៉េរិក។
ជំនួបនេះបានប្រព្រឹត្តទៅនៅគេហដ្ឋានរបស់ឯកឧត្តមសមាជិកព្រឹទ្ធសភា។
ប្រភព៖ ជំនួយការឯកឧត្ដម ស្លេះ ពុនយ៉ាមុីន