ឯកឧត្តម សុខ ឥសាន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង
នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២២ ឯកឧត្តម សុខ ឥសាន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦(ខេត្តព្រៃវែង និងស្វាយរៀង)និងជាប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងសមាជិក សមាជិកាក្រុមប្រឹក្សាឃុំទាំង១១ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ដើម្បីឈ្វេងយល់ និងប្រមូលព័ត៌មាន ពាក់ព័ន្ធនឹងការអនុវត្តការងារ ការគាំទ្រការអភិវឌ្ឍនានា ស្តាប់រាល់បញ្ហាប្រឈម និងសំណូមពរនានា ការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ ការប្រមូលផ្តុំកម្លាំងសរុបសម្រាប់ធ្វើសកម្មភាពឆ្ពោះឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អគ្គនាយកកំពង់ផែស្វ័យ័តភ្នំពេញ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមប្រឹក្សាឃុំ សរុបចំនួន២៥៥នាក់។
ក្នុងឱកាសនោះ ឯកឧត្តម អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានឧបត្ថម្ភថវិកាជូនដល់សាលាស្រុកព្រះស្តេច ចំនួន១.០០០.០០០រៀល(មួយលានរៀល) និងឧបត្ថម្ភថវិកាដល់ឃុំទាំង១១ ដោយក្នុងមួយឃុំៗទទួលបានថវិកាចំនួន ១.២០០.០០០រៀល(មួយលានពីរសែនរៀល សរុបថវិកាទាំង១១ឃុំ ចំនួន១៤.២០០.០០០រៀល (ដប់បួនលានពីរសែនរៀល)៕
ប្រភព៖នាយកដ្ឋានព័ត៌មាន