នាព្រឹកថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង៨:០០នាទី ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន៥៥រូប ដើម្បីពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទីបួន ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំបានជ្រាបអំពីលទ្ធផលនៃការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ខាងលើនេះ។ បន្ទាប់ពីសមាជិកព្រឹទ្ធសភាឡើងមានយោបល់ និងលើកជាសំណូមពរ សំនួរសុំការបំភ្លឺរួចមក ឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្រាយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែចំនួន ៥៥សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
សេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃការបន្តសម័យប្រជុំលើកទី៩ព្រឹទ្ធសភា នីតិកាលទី៤ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២