នាល្ងាចថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ឯកឧត្តម ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តបុណ្យកឋិនទានសាមគ្គី នៅសាលាខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅបណ្តាវត្តចំនួន៥ គឺវត្តទួលសន្តិវ័ន្ត (ហៅវត្តទួលអស់លោក) វត្តទួលសុវណ្ណារាម វត្តញាណរង្សី វត្តកោះមេតាពោធិ៍វង្ស និងវត្តឧត្តរាវត្តី ដែលស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អង្គកឋិនទានសាមគ្គីនេះ ផ្តួចផ្តើមដោយ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អនុប្រធានទី១ព្រឹទ្ធសភា និងលោកជំទាវ ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃសាលាខណ្ឌឬស្សីកែវ ព្រមទាំងពុទ្ធបរិស័ទ បានមូលមតិគ្នាជាឯកច្ឆ័នផ្តើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែរទៅវេរប្រគេនព្រះសង្ឃ ដើម្បីរួមចំណែកកសាងទីសេនាសនៈក្នុងវត្ត រួមមានព្រះវិហារ កុដិ សាលា និងជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ច។ សូមជម្រាបថា ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងព្រះពុទ្ធសាសនា ដែលមានរយៈពេលនៃការធ្វើបុណ្យកឋិនទាន ចំនួន ២៩ថ្ងៃ គឺចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក។
ប្រភព៖ នាយកដ្ឋានព័ត៌មាន