សម្តេចប្រធានព្រឹទ្ធសភា ទទួលឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម
នាវេលាម៉ោង ៩:០០ នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលឯកឧត្តម ផាក ជុងវុក (PARK Jung_Wook)ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។
សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតឡើងវិញ នៅឆ្នាំ១៩៩៧ និងទើបបានប្រារព្ធខួបអនុស្សាវរីយលើកទី២៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា- កូរ៉េ កាលពីឆ្នាំ២០២២ កន្លងមកនេះ។ ឯកឧត្តម ផាក ជុងវុក (PARK Jung_Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសប្រទានអនុញ្ញាតឱ្យចូលថ្វាយសាតាំង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន