ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង លើរបៀបវារៈសំខាន់ៗ ដូចខាងក្រោម៖
១. ពិនិត្យសម្រេចលើរបាយការណ៍ចុះបេសកកម្មរបស់គណៈកម្មការនៅខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី
២. ពិនិត្យសិក្សា និងត្រៀមផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ចំនួន០២។
បន្ទាប់ពីបញ្ចប់បេសកកម្មនៅខេត្តកំពង់ចាម និងមណ្ឌលគិរី គណៈកម្មការទទួលបានលទ្ធផលដូចខាងក្រោម៖
ខេត្តកំពង់ចាម មានផ្ទៃដីប្រមាណ ៤ ៥៤៨ គីឡូម៉ែត្រក្រឡា មានប្រជាជន ១ ១៣២ ១២៩ នាក់។ ក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមមានទំហំ ២ ០៥១,៨ លានដុល្លារ គឺកើនឡើង ៥,៦% បើប្រៀបធៀបនឹងឆ្នាំ២០២២។ ប្រជាជនប្រកបមុខរបរក្នុងវិស័យកសិកម្មមាន៦២,៩% វិស័យសេវាកម្ម ៣៦,៤% និងវិស័យឧស្សាហកម្ម និងសិប្បកម្ម ០,៧០% ។
ខេត្តមណ្ឌលគិរី មានផ្ទៃដីសរុប ១៤ ២៨៨ គីឡូម៉ែត្រក្រឡា មានប្រជាពលរដ្ឋសរុប ១០០ ២៣៧ នាក់ ដោយប្រកបមុខរបរក្នុងវិស័យកសិកម្ម៨២% សេវាកម្ម១៧% និងសិប្បកម្ម១%។ ក្នុងឆ្នាំ២០២៤ វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរីហាក់ងើបឡើងវិញ ដោយភ្ញៀវទេសចរណ៍បានកើនឡើងបើធៀបនឹងឆ្នាំ២០២៣ ក្នុងនោះភ្ញៀវជាតិមានចំនួន ២៧៨ ៦៧៥នាក់ (ប្រហាក់ប្រហែលចំនួនអ្នកទេសចរណ៍ក្នុងឆ្នាំ ២០២០) គឺកើនឡើង ៣៧,៨៥% និងភ្ញៀវបរទេសចំនួន ៤ ៤០៥នាក់ កើនឡើង ២២,៥៦% ហើយអាចនឹងកើនឡើងជាបន្តបន្ទាប់ទៀត ដោយសារមានការផ្សព្វផ្សាយ ការសម្របសម្រួលទស្សនកិច្ច និងការសិក្សាស្វែងយល់អំពីតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA)។
ធនាគារ-គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងប្រតិបត្តិការមានចំនួន ៤៦ ស្ថាប័ន ស្មើនឹង ១៤២ សាខា នៅក្នុងខេត្តកំពង់ចាម និងមាន ១០សាខា ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅក្នុងខេត្តមណ្ឌលគិរី។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទី នៅសាលប្រជុំគណៈកម្មការទី២ព្រឹទ្ធសភា។
រូបភាព ៖ នាយកដ្ឋានព័ត៌មាន
ខ្លឹមសារ៖ ការិយាល័យអមគណ:កម្មការទី២ព្រឹទ្ធសភា