ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ត្រូវបានបោះឆ្នោតជាអនុប្រធានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្ដៃយ៍សភាអាស៊ី (APA)ស្ដីពី កិច្ចការសង្គម និងវប្បធម៌
នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម (គណៈកម្មការទី២) និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយ APA និងគណៈប្រតិភូសភាកម្ពុជា បានចូលរួមប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ APA ស្តីពី កិច្ចការសង្គម និងវប្បធម៌។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ APA បានបោះឆ្នោតគាំទ្រ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ជាអនុប្រធានដឹកនាំកិច្ចប្រជុំ ខណៈដែលប្រទេសប៉ាគីស្ថានត្រូវបានគាំទ្រជាអ្នករាយការណ៍លទ្ធផលនៃកិច្ចប្រជុំ។
ប្រធានអង្គប្រជុំ បានអនុញ្ញាតឱ្យប្រធានគណៈប្រតិភូសភាសមាជិក APA ឡើងថ្លែងបទអន្តរាគមន៍ និងចំណាប់អារម្មណ៍ទៅលើសេចក្តីសម្រេចចំនួន១៤ ដែលលេខាធិការដ្ឋាន APA បានទទួលសម្រាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ស្តីពី កិច្ចការសង្គម និងវប្បធម៌។