លោកជំទាវ មាន សំអាន បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន៣
នាព្រឹកថ្ងៃសុក្រទី០៦ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រឹទ្ធសភា (គណៈកម្មការទី៨) ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន ៖
១-សេចក្តីព្រាងស្តីពីផែនការសកម្មភាពការងាររបស់គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ព្រឹទ្ធសភា ប្រចាំឆ្នាំ២០២៥។
២-សេចក្តីព្រាងស្តីពីផែនការសកម្មភាពការងាររបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ សម្រាប់ឆ្នាំ២០២៥។
៣-សេចក្តីព្រាងស្តីពីផែនការសកម្មភាពការងាររបស់ក្រុមសមាជិកាព្រឹទ្ធសភា ប្រចាំឆ្នាំ២០២៥។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា ដោយមានការចូលរួមពី ឯកឧត្តម ទេព យុទ្ធី លេខាធិការគណៈកម្មការទី៨ព្រឹទ្ធសភា លោកជំទាវ ឃួន ឃុនឌី លេខាធិការក្រុមសមាជិកាព្រឹទ្ធសភា ព្រមទាំងលោក លោកស្រី ជាប្រធានការិយាល័យជំនួយគណៈកម្មការ និងអមក្រុមទាំងពីរផងដែរ។