khmer eng
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន
     
    ចែករំលែក ៖

    នៅរសៀលថ្ងៃពុធ ទី២ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត រួមមានសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត បានអញ្ជើញក្នុងពិធីសូត្រមន្តបុណ្យគម្រប់ខួប១០ឆ្នាំនិង១៦ឆ្នាំនៃការចូលមរណភាពសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន។

    គិតមកដល់ឆ្នាំ២០២៥នេះ គឺមានរយ:ពេល១០ឆ្នាំហើយ នៃមរណភាព របស់សម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម អតីតប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយក៏រយៈពេល១៦ឆ្នាំដែរ នៃការចូលមរណភាពរបស់ លោកជំទាវ ញ៉ែម សឿន ជាស៊ីម​​។

    ក្នុងឱកាស អញ្ជើញដល់ទីតាំងប្រារព្ធពិធីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានអញ្ជើញទស្សនាពិព័រណ៌រូបថត និងអញ្ជើញអុចធូប ក្នុងប្រាង្គចេតិយ៍តម្កល់អដ្ឋិធាតុសម្តេច អគ្គមហាធម្មពោធិសាល ​ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន ជានិមិត្តរូបនៃការគោរពដ៍ខ្ពង់ខ្ពស់ចំពោះអតីតថ្នាក់ដឹកនាំគណបក្សប្រជាជន គឺសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដែលធ្លាប់រួមគ្នាតស៊ូវាយផ្តួលរំលំរបស់ខ្មែរក្រហមរំដោះប្រជាជន និងប្រទេសជាតិនិងបន្តរួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិ ជាមួយគ្នានៅគ្រប់ដំណាក់កាល។

    សម្តេចអគ្គ​មហា​ធម្ម​ពោធិ​សាល ​ជា ស៊ីម គឺជា​អ្នក​នយោបាយ វ័យចំណាស់​លេចធ្លោ​១​រូប នៅក្នុង​ប្រទេស​កម្ពុជា ដោយទទួលបាន ​ការគោរពស្រលាញ់​ពី​ប្រជាពលរដ្ឋ​ជា​ទូទៅពី​ថ្នាក់ដឹកនាំ​ជាតិនិងអន្ដរជាតិនៅក្នុង​ប្រទេស​​និង​លើ​ពិភពលោក​។ សម្តេចបាន​ក្លាយ ជា​ប្រធាន​រដ្ឋសភា​ ចាប់តាំងពី​ឆ្នាំ១៩៨១ដល់១៩៩៨ ហើយ​បាន​ក្លាយ ជា​ប្រធាន​ព្រឹទ្ធសភាមួយ​ឆ្នាំ​បន្ទាប់គឺ​ចាប់តាំងពី​ឆ្នាំ១៩៩៩ រហូតមកដល់​ឆ្នាំ​ ២០១៥។

    កម្មវិធីបុណ្យ បានប្រព្រឹត្តិទៅ តាមគន្លងប្រពៃណី ព្រះពុទ្ធសាសនា ដោយមានបា្ររព្ធពិធី សមាទានសីល តាមសិក្ខាបទដើម្បីរំលឹកដល់គុណបុណ្យព្រះរតនត្រ័យនិងព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូដែលព្រះអង្គត្រាស់ដឹងនូវអនុត្តរៈសម្មាសម្ពោធិញាណ និងព្រះធម៌វិន័យ ដ៏វិសេសវិសាលបន្សល់ទុក អោយពុទ្ធបរិស័ទគ្រប់ ជំនាន់គោរពប្រតិបត្តិរហូតដល់ពេលបច្ចុប្បន្នហើយមុន យាងចូលបរិនិព្វានព្រះអង្គទ្រង់ត្រាស់កំណត់ សាសនារបស់តថាគតគឺគង់វង្សគ្រប់៥ពាន់ព្រះវស្សា។

    ពុទ្ធោវាទ និងព្រះធម៌វិន័យរបស់ព្រះអង្គគឺជាប្រទីបបំភ្លឺផ្លូវដល់មនុស្សលោកគ្រប់រូប ប្រកាន់ខ្ជាប់នូវអំពើល្អ អំពើជាកុសល លះបង់អំពើបាប អំពើជាអកុសល សាងនូវកុសលទាន តម្កល់ទុកសំរាប់អនាគតជាតិ។ ពិសេសនោះ ពុទ្ធបរិស័ទគ្រប់រូប ត្រូវគោរព ប្រតិបត្តិ និងដឹងគុណចំពោះ ថ្នាក់ដឹកនាំ និងបុព្វការីជន មានមាតាបិតា ទាំងរូបលោកនៅ មានអាយុសង្ខាក្ដីឬ មរណៈកាលទៅ ហើយក្ដីដូចដែល សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រីជាបុត្រាបុត្រីនិងចៅៗ ព្រមទាំងក្រុមគ្រួសារ បាននិងកំពុងប្រណិបត្តិ ទាំងពេលកន្លងមក និងថ្ងៃនេះ​ គឺបានបង្ហាញ ពីក្តីកត្តញូ កត្តវេទិតាធម៌ដ៍ខ្ពង់ខ្ពស់បំផុត សំរាប់ជាការតបស្នងសងគុណ ចំពោះមាតាបិតា និងបុព្វការីជន ដែលបាន ចែកឋានទៅកាន់បរលោក ឯនាយខាងមុខ យ៉ាងពិតប្រាកដ។ កម្មវិធីបុណ្យនាល្ងាច ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ចាប់ បន្ទាប់សម្តេច ឯកឧត្តម លោកជំទាវ ជាម្ចាស់ផ្តើមបុណ្យ ប្រគេន ទេយ្យទាននិងបច្ច័យ ប្រគេន ព្រះធម្មកថិក ដែលបាននិមន្ត សម្តែងធម៌ទេសនា៕

    ប្រភព៖ ទំព័រហ្វេសប៊ុក សម្តេចតេជោ


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាក្រុមទី២ ប្រជុំពិនិត្យពិភាក្សា និងត្រៀមមានយោបល់ លើសេចក្តីព្រាងច្បាប់ចំនួន៣
    thumbnail
     
    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ប្រជុំពិនិត្យផែនការប្រតិបត្តិឆ្នាំ២០២៦
    thumbnail
     
    លោកជំទាវ កង សៅរ៍ធន អញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការជីកស្តារស្រះទឹកទន្លេនាម នៅឃុំចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត
    thumbnail
     
    គណៈកម្មការទី៥ព្រឹទ្ធសភា ប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងការយកពន្ធត្រួតគ្នា
    thumbnail
     
    គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ