
នាព្រឹកថ្ងៃសៅរ៍ ទី១២ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការនីតិកម្ម និងយុតិ្តធម៌ នៃព្រឹទ្ធសភា (គណៈកម្មការទី៦) បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃព្រឹទ្ធសភា ជាមួយក្រុមតំណាងរាស្រ្តហត្ថលេខី ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា និងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដេីម្បីពិនិត្យសិក្សាលេីសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា។
សេចក្តីស្នើច្បាប់ធម្មនុញ្ញនេះ មានគោលបំណងធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដើម្បីបើកផ្លូវអនុញ្ញាតឱ្យមានការរៀបចំក្របខ័ណ្ឌច្បាប់សម្រាប់ដកសញ្ជាតិខ្មែរ ពីពលរដ្ឋខ្មែរណាដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍របស់ព្រះរាជាណាចក្រកម្ពុជា និងរួមចំណែកយ៉ាងសំខាន់ក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូល មកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើក្បត់ជាតិ និងឃុបឃិតគ្នាជាមួយបរទេស ដែលនឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងឧត្តមប្រយោជន៍ជាតិ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន