នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ញ៉ូវ សុង សមាជិកគណៈកម្មការទី២ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ក្នុងនាមក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី ៧ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពវីរកងទ័ព គឺលោកវរសេនីយឯក ស្វាយ សារិទ្ធ នៅគេហដ្ឋាននៃសពភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលបានពលីជីវិតក្នុងពេលប្រយុទ្ធការពារជាតិមាតុភូមិជាមួយខ្មាំងសៀមឈ្លានពាននៅតំបន់ព្រំដែន ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ឯកឧត្តមបានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ និងថវិកាចំនួន មួយលានរៀល របស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ជាមួយគ្រួសារនៃសព ក៏ដូចជាការចងចាំនូវគំរូវីរភាពដ៏អង់អាចក្លាហាននេះ ហើយសូមបួងសួងឲ្យវិញ្ញាណក្ខន្ធលោកវរសេនីយ៍ឯក ស្វាយ សារិទ្ធ បានទៅកាន់ទីសុខ និងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។