នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍ប៉ូលីស ស្មៀន និងលោកមេភូមិ នៃសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ពិធីសំណេះសំណាលនេះប្រព្រឹត្តទៅនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលមានគោលបំណងដើម្បីផ្សារភ្ជាប់ និងរួមប្រាស្រ័យទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត ដែលជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៅមូលដ្ឋាន និងជួបប្រាស្រ័យទំនាក់ទំនង ពិគ្រោះយោបល់ ស្វែងយល់ពីការអភិវឌ្ឍ ព្រមទាំងតម្រូវការ បញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំសង្កាត់។
ក្នុងឱកាសនោះផងដែរ ឯកឧត្ដមបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ជូនក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍ប៉ូលីស ស្មៀន និងលោកមេភូមិ ប្រកបដោយក្តីនឹករលឹក។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍របស់លោកស្រីប្រធានក្រុមប្រឹក្សាសង្កាត់អំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងការងារអភិវឌ្ឍន៍សង្កាត់រួច ឯកឧត្ដម ឆាយ វណ្ណា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុក្ខដាក់លើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋានឃុំសង្កាត់។
ក្នុងនោះ ឯកឧត្ដមក៏បានពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីជាសេចក្តីសុខរបស់ប្រជាពលរដ្ឋ។
ចុងបញ្ចប់ ឯកឧត្ដម ឆាយ វណ្ណា បានឧបត្ថមដល់អ្នកចូលរួមទាំងអស់ ដោយក្នុងម្នាក់ៗទទួលបានដបបំពង់ទឹក១ និងសារុង១ផងដែរ៕
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន