ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងក្រុមការងារ បន្តលើកកម្ពស់ស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ ចំពោះគ្រួសារវីរៈកងទ័ព និងជនភៀសសឹក នៅខណ្ឌជ្រោយចង្វារ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ១៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រួមមានឯកឧត្តមអគ្គលេខាធិការរង អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកអភិបាលនៃគណៈអភិបាលខណ្ឌ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងផ្តល់ការឧបត្ថម្ភគាំទ្រ ជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ដល់ក្រុមគ្រួសាររបស់វីរកងទ័ពដែលកំពុងបំពេញភារកិច្ចនៅព្រំដែនកម្ពុជា-ថៃ និងគ្រួសារជនភៀសសឹក សរុបចំនួន ៩៥គ្រួសារ ដែលកំពុងស្នាក់នៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដើម្បីជាការរួមចំណែកលើកកម្ពស់ស្មារតីសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកនៅក្នុងស្ថានភាពលំបាក។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ឡាយ សំកុល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ របស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់វីរកងទ័ព ក្រុមគ្រួសារ និងជនភៀសសឹកគ្រប់ពេលវេលា។

ឯកឧត្តមអគ្គលេខាធិការបានរំលឹកនិងសម្តែងនូវការដឹងគុណចំពោះការលះបង់ដ៏ធំធេងរបស់វីរកងទ័ព និងកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល រួមទាំងការតស៊ូនៅលើសមរភូមិការទូត និងក្នុងន័យនេះ ស្នើសុំប្រជាពលរដ្ឋបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងវីរកងទ័ពក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

ស្របជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានរំលឹកអំពីអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី ដល់អាជ្ញាធរមូលដ្ឋាន លើការបន្តយកចិត្តទុកដាក់លើការរក្សាសុខសុវត្ថិភាព និងស្ថិរភាពនៅតាមមូលដ្ឋានដល់ប្រជាពលរដ្ឋ, បន្តផ្តល់សេវាសាធារណៈឱ្យបានល្អ និងឆាប់រហ័ស និងជាពិសេសបន្តជួយសម្រួលដល់ជីវភាពរស់នៅរបស់គ្រួសារវីរកងទ័ព ជនភៀសសឹក និងជនចាស់ជរាឱ្យមានភាពកក់ក្តៅ។

ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អគ្គលេខាធិការព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ