នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ឃួន ឃុនឌី លេខាធិកាគណៈកម្មការទី៨ព្រឹទ្ធសភា អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអតីតមន្ត្រីចូលនិវត្តន៍ ដែលមកពីអង្គភាពសាលាខេត្ត, មន្ទីរកិច្ចការនារី, និងមន្ទីរសាព័ត៌មាន សរុបចំនួន៦៥រូប ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោកជំទាវភរិយាឯកឧត្តមអភិបាលខេត្ត លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត និងលោកជំទាវអភិបាលរងខេត្ត ស្ថិតនៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោកជំទាវបាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំព្រឹទ្ធសភា ទាំងអស់ជូនចំពោះលោកពូ អ្នកមីង បងៗ ដែលជានិវត្តន៍ជនទាំងអស់។ លោកជំទាវមានប្រសាសន៍ថា ការជួបសំណេះសំណាលនាពេលនេះគឺ ដើម្បីថ្លែងអំណគុណ និងដឹងគុណដល់លោកពូ អ្នកមីង បងៗ ជារាមច្បងទាំងអស់ដែលបានបន្សល់ទុកនូវស្នាដៃ បទពិសោធន៍ និងមេរៀនល្អៗដល់យុវជនជំនាន់ក្រោយៗ។
ក្នុងឱកាសនោះដែរ លោកជំទាវបានជូននូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ដល់រាមច្បងចូលនិវត្តន៍ ដោយម្នាក់ៗទទួលបាន អង្ករ, ស្ករស, នំធុង, សាប៊ូដុសខ្លួន, ទឹកដោះគោ, មី, កញ្ច្រែង, ក្រមា, សារុង, និងថវិកាមួយចំនួន ។
ប្រភព៖ ជំនួយការលោកជំទាវ ឃួន ឃុនឌី