



នាល្ងាចថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានចូលរួម ទិវាអឺរ៉ុប លើកទី៧៦ ដែលជាខួបអនុស្សាវរីយ៍នៃសេចក្តីថ្លែងការណ៍ Schuman តាមការអញ្ជើញរបស់ ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា។
ក្នុងបរិយាកាសជាមិត្តភាព ឯកឧត្តមបណ្ឌិត បានជួបពិភាក្សាជាមួយបណ្តាឯកអគ្គរដ្ឋទូត និងតំណាងស្ថាប័នអន្តរជាតិនានា អំពីកិច្ចសហប្រតិបត្តិការផ្នែកជំនួញ ជំនួយសម្រាប់អភិវឌ្ឍ អប់រំ និងអភិបាលកិច្ច ព្រមទាំងការអភិរក្សប្រាសាទព្រះវិហារ ជាមរតកពិភពលោក ដែលឯកឧត្តមបណ្ឌិត និងឯកអគ្គរដ្ឋទូតអឺរ៉ុបបានធ្វើទស្សនកិច្ចរួមគ្នាកាលពីថ្មីៗនេះ។ ការពិភាក្សាក៏បានលើកអំពី ឱកាសសហប្រតិបត្តិការក្នុងវិស័យកែច្នៃផលិតផលកសិកម្ម និងចំណីអាហារ ដែលនៅពេលនេះ កំពុងស្ថិតក្នុងដំណាក់កាល ដែលផលិតផលក្នុងស្រុក ទទួលបានការគាំទ្រកើនឡើងគួរឱ្យកត់សម្គាល់។
** កម្ពុជា និងសហគមនអឺរ៉ុប មានស្មារតី និងគុណតម្លៃរួមគ្នាគឺ សន្តិភាព សាមគ្គីភាព និងភាពជាដៃគូ។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា