









តបតាមការអញ្ជើញរបស់ សមាគមចិនដើម្បីការយល់ដឹងអន្តរជាតិ (CAFIU) ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូកម្ពុជា ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ដើម្បីចូលរួមក្នុង សន្និសីទពិភពលោកលើកទី៣ នៃអ្នកចិនសាស្រ្ត នៅខេត្តកានស៊ូ ប្រទេសចិន។ សន្និសីទនេះមានអ្នកចូលរួម ជាថ្នាក់ដឹកនាំប្រទេស អ្នកជំនាញ និងអ្នកនយោបាយ ប្រមាណ៣០០នាក់ មកពីប្រទេសជាង៦០។
ក្នុងឱកាសនោះ ឯកឧត្តមនឹងអញ្ជើញថ្លែងសុន្ទរកថាគន្លឹះស្តីពី អារ្យធម៌ខ្មែរ-ចិន និងមាគ៌ាឆ្ពោះទៅសន្តិភាព និងវិបុលភាព ក្នុងបរិបទពិភពលោកមានភាពស្មុគស្មាញ និងមិនប្រាកដប្រជា។ ក្រៅពីនេះ ក៏មានជំនួបទ្វេភាគីជាមួយ អភិបាលខេត្តកានស៊ូ និងថ្នាក់ដឹកនាំចិនផ្សេងទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពាណិជ្ជកម្ម និងទេសចរណ៍។
ការចូលរួមជូនដំណើរមុនពេលចេញពីព្រលានយន្តហោះអន្តរជាតិតេជោ មានមន្ត្រីព្រឹទ្ធសភា ព្រមទាំងតំណាង មូលនិធិចិនសម្រាប់សន្តិភាព និងអភិវឌ្ឍ (CFPD) និង ជាតំណាង CAFIU គឺលោកស្រី Wang Yahui ដែលតែងតែយកចិត្តទុកដាក់ ក្នុងការពង្រឹងមិត្តភាពដែកថែប និងការកសាង សហគមន៍វាសនារួមខ្មែរ-ចិន ឱ្យកាន់តែរឹងមាំ។
ខ្លឹមសារ៖ ខុទ្ធកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន