





នាថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២៦ នេះ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំង ដោយឯកឧត្តម Liu Zhenzhong អគ្គលេខាធិការរងនៃសមាគមចិនដើម្បីការយល់ដឹងអន្តរជាតិ (CAFIU) ដែលនឹងអមដំណើរគណៈប្រតិភូបំពេញទស្សនកិច្ចនេះ ក្នុងនាមស្ថាប័នរៀបចំ «សន្និសីទពិភពលោកលើកទី៣ នៃអ្នកចិនសាស្រ្ត»។
បន្ទាប់មក នៅពេលគណៈប្រតិភូអញ្ជើញដល់ព្រលានយន្តហោះ ឡានចូវ ជុងឈួន ឯកឧត្តម Li Peixing អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្តកានស៊ូ បានអញ្ជើញទៅទទួលស្វាគមន៍ផ្ទាល់ និងបានអមដំណើរគណៈប្រតិភូក្នុងការទស្សនកិច្ចសិក្សាសួនកសិកម្មផ្កាកុលាបទំនើបតំបន់ថ្មីឡានចូវ និងក្រុមហ៊ុនផលិតឱសថ Lanzhou Foci Pharmaceutical ដើម្បីសិក្សាពីខ្សែច្រវាក់ផលិតកម្ម និងបច្ចេកវិទ្យាកែច្នៃកម្រិតខ្ពស់របស់ចិន។
ដំណើរទស្សនកិច្ចក្នុងថ្ងៃដំបូងនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ភាគីចិន និងបើកឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងកម្ពុជា និងខេត្តកានស៊ូ ឱ្យកាន់តែស៊ីជម្រៅ។
ប្រភព៖ ខុទ្ធកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា