គណៈកម្មការទី១ព្រឹទ្ធសភា រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ ប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាប្រឆាំងពលកម្មកុមារ នៅខេត្តបាត់ដំបង
 
ចែករំលែក ៖

នៅព្រឹកថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ចនៃព្រឹទ្ធសភា (គណៈកម្មការទី១) រួមជាមួយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ សហការជាមួយអង្គការការីតាសកម្ពុជា និងអាជ្ញាធរខេត្តបាត់ដំបង បានរៀបចំពិធីអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៧៧ ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «សន្តិភាពជាមូលដ្ឋានគ្រឹះនៃការគោរព និងកិច្ចគាំពារសិទ្ធិកុមារ» ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងលោកជំទាវ នៅពេទ្យយាយជី នៃអង្គការការីតាសកម្ពុជា ស្ថិតក្នុងភូមិរំចេក១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានអ្នកចូលរួមសរុបចំនួន ៣០០នាក់។

ក្រោយការប្រកាសហេតុ គោរពភ្លេងជាតិ និងគោរពវិញ្ញាណក្ខន្ធវីរកងទ័ពរួចមក អង្គពិធីទាំងមូលបានទស្សនានូវ «របាំជូនពរ» សម្តែងដោយក្រុមកុមារព្រះសហគមន៍ព្រះកាតូលិកខេត្តបាត់ដំបង។ បន្ទាប់មក ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តបាត់ដំបង បានឡើងមានមតិស្វាគមន៍យ៉ាងកក់ក្តៅ រួមជាមួយនឹងការថ្លែងចំណាប់អារម្មណ៍ពីលោក គឹម រតនា នាយកប្រតិបត្តិអង្គការការីតាសកម្ពុជា និងការទស្សនា «របាំព្រាបសសន្តិភាព» យ៉ាងជក់ចិត្ត។

មានប្រសាន៍ក្នុងឱកាសនោះ ឯកឧត្តម ងី ច័ន្ទ្រផល បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី, ឯកឧត្តមអនុប្រធានទី១ និងឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភាជូនដល់ក្មួយៗកុមារ និងអ្នកចូលរួមទាំងអស់។ ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មការទី១ព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាភូមិភាគទី៤ អង្គការការីតាសកម្ពុជា ព្រមទាំងអាជ្ញាធរ និងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីនេះឡើង។ 
ឯកឧត្តមប្រធានគណៈកម្មការ បានគូសបញ្ជាក់ថា «ទិវាកុមារអន្តរជាតិ ១ មិថុនា មិនមែនគ្រាន់តែជាពិធីអបអរសាទរប៉ុណ្ណោះទេ ប៉ុន្តែជាថ្ងៃដែលមានអត្ថន័យក្នុងការលើកកម្ពស់សិទ្ធិ សេចក្តីថ្លៃថ្នូរ និងអនាគតរបស់កុមារទូទាំងពិភពលោក។ កុមារគឺជាទំពាំងស្នងឫស្សី ជាកម្លាំងបន្តវេន និងជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ»។ ឯកឧត្តមបានបន្តថា ទោះបីជារាជរដ្ឋាភិបាលកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិជាច្រើន និងបានដាក់ចេញនូវគោលនយោបាយយ៉ាងម៉ឺងម៉ាត់ដើម្បីគាំពារកុមារក៏ដោយ ប៉ុន្តែកុមារមួយចំនួននៅតែជួបបញ្ហាប្រឈមដូចជា ភាពក្រីក្រ ការបោះបង់ការសិក្សា អំពើហិង្សា ពលកម្មកុមារ និងការកេងប្រវ័ញ្ចផ្សេងៗ។ ហេតុដូចនេះ ការការពារ និងលើកកម្ពស់សិទ្ធិកុមារ មិនមែនជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរួមរបស់គ្រួសារ សហគមន៍ សាលារៀន អង្គការដៃគូ និងសង្គមទាំងមូល។ 

នៅក្នុងកម្មវិធីនោះ ឯកឧត្តម ងី ច័ន្ទ្រផល ក៏បានបង្កើតបរិយាកាសយ៉ាងស្និទ្ធស្នាល និងរីករាយបំផុត តាមរយៈការនិទានរឿងខ្លីៗអប់រំដល់ក្មួយៗកុមារ។ ឯកឧត្តមក៏បានផ្ដាំផ្ញើសារអប់រំដ៏មានតម្លៃដល់ក្មួយៗទាំងអស់ត្រូវ៖ ១. ត្រូវខិតខំរៀនសូត្រ និងស្វែងរកចំណេះដឹង, ២. ត្រូវមានវិន័យ សីលធម៌ និងគោរពអ្នកធំ, ៣. ត្រូវជឿជាក់លើខ្លួនឯង និងកុំបោះបង់ក្តីសង្ឃឹម, និង ៤. ត្រូវជៀសវាងពីអំពើអបាយមុខ និងគ្រោះថ្នាក់សង្គមគ្រប់ប្រភេទ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា «ចំណេះដឹង គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលគ្មាននរណាអាចលួចយកពីយើងបានឡើយ»។ បន្ថែមពីនេះ ឯកឧត្តមបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ សូមបន្តរួមសហការគ្នា ក្នុងការបង្កើតបរិយាកាសសុវត្ថិភាព ក្តីស្រឡាញ់ និងឱកាសស្មើភាពសម្រាប់កុមារគ្រប់រូប ដើម្បីធានាថា គ្មានកុមារណាម្នាក់ត្រូវបានទុកចោលឡើយ។

បន្ទាប់ពីការទស្សនា «របាំមោទនភាពជាតិខ្មែរ» រួចមក គណៈអធិបតីបានអញ្ជើញប្រគល់លិខិតថ្លែងអំណរគុណជូនដល់សប្បុរសជន និងអង្គការដៃគូឧបត្ថម្ភកម្មវិធី, ចែកកង់ចំនួន ១៥គ្រឿង ជូនដល់សិស្សានុសិស្ស និងកុមារក្រីក្រចំនួន ១៥នាក់, ចែកសម្ភារៈសិក្សាជូនដល់កុមារ និងសិស្សានុសិស្សទាំងអស់ដែលបានចូលរួម, ប្រគល់អំណោយថ្នាំពេទ្យ អង្ករ និងថវិកា ដល់ពេទ្យយាយជី និងមណ្ឌលបណ្តុះបណ្តាលស្រ្តីរងគ្រោះ ស្នឹង។

មុននឹងបញ្ចប់កម្មវិធី គណៈអធិបតីបានអញ្ជើញទស្សនកិច្ចមណ្ឌលសុខភាព, សិប្បកម្មផលិតឧបករណ៍ជំនួយជនមានពិការភាព នៅក្នុងបរិវេណអង្គការ ព្រមទាំងទស្សនាការលេងបាល់បោះរបស់ក្រុមកុមារពិការ៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ