









នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ នេះ គណៈប្រតិភូជាន់ខ្ពស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានអញ្ជើញទៅទស្សនាសារមន្ទីរខេត្តកានស៊ូ (Gansu Provincial Museum) ដោយវាយតម្លៃខ្ពស់ចំពោះឫសគល់អារ្យធម៌ និងប្រវត្តិសាស្ត្រដ៏សម្បូរបែបរបស់ចិន ដែលត្រូវបានថែរក្សាយ៉ាងល្អដោយសារមន្ទីរ។
គណៈប្រតិភូ ក៏បានបន្តទៅទស្សនាមជ្ឈមណ្ឌលមីក្រូទស្សន៍អេឡិចត្រុង នៃសាកលវិទ្យាល័យឡានចូវ (Lanzhou University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងធំបំផុតប្រចាំខេត្តកានស៊ូ។ ឯកឧត្តមបណ្ឌិត បានពិភាក្សាការងារយ៉ាងកក់ក្តៅជាមួយ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ លើកិច្ចសហប្រតិបត្តិការអប់រំ ស្រាវជ្រាវ តាមរយៈការផ្លាស់ប្តូរអ្នកស្រាវជ្រាវ ការផ្តល់អាហារូបករណ៍ ការផ្លាស់ប្តូរនិស្សិត និងការស្រាវជ្រាវរួមគ្នាលើប្រធានបទយុទ្ធសាស្ត្រនានា ជាពិសេសលើវិស័យបច្ចេកវិទ្យា និងកសិកម្មទំនើប។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់បន្ថែមថា ការរីកចម្រើនផ្នែកចំណេះដឹង បច្ចេកវិទ្យា និងការស្រាវជ្រាវរួមគ្នានេះ គឺជាសសរទ្រូងដ៏រឹងមាំមួយក្នុងការចូលរួមចំណែកពូនជ្រំទំនាក់ទំនង «មិត្តដែកថែបកម្ពុជា-ចិនជារៀងរហូត» ឱ្យកាន់តែចាក់ឫសជ្រៅ។
ប្រភព៖ ខុទ្ទកាល័យឯកឧត្តម អនុប្រធានទី២ព្រឹទ្ធសភា