ព្រឹទ្ធសភាចែករំលែកក្តីស្រឡាញ់ដល់កុមារកំព្រា ១៣៥នាក់ នៅស្រុកកណ្តាលស្ទឹង ក្នុងឱកាសទិវាកុមារអន្តរជាតិ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការទី៨ និងក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងជាប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាល រៀបចំអាហារសាមគ្គី និងនាំយកអំណោយសប្បុរសធម៌យ៉ាងច្រើនសន្ធឹកសន្ធាប់ ទៅចែករំលែកក្តីស្រឡាញ់ដល់លោកគ្រូ អ្នកគ្រូ និងកុមារកំព្រាងាយរងគ្រោះចំនួន ១៣៥នាក់ នៅសមាគម «ស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ» ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
សកម្មភាពមនុស្សធម៌ដ៏មានអត្ថន័យនេះ ធ្វើឡើងក្នុងគោលបំណងអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ ១មិថុនា និងទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា។
នៅក្នុងឱកាសនោះ លោកជំទាវ មាន សំអាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កុមារៗទាំងអស់។
លោកជំទាវប្រធានគណៈកម្មការ បានថ្លែងសង្កត់ធ្ងន់ថា «កុមារ គឺជាទំពាំងស្នងឫស្សី និងជាសសរទ្រូងសម្រាប់ប្រទេសជាតិ។ ការគាំពារ និងការការពារពួកគេពីអំពើហិង្សា ពលកម្មកុមារ និងហានិភ័យតាមប្រព័ន្ធអនឡាញ គឺជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីធានាថាពួកគេអាចលូតលាស់ដោយសុខដុមរមនាក្រោមម្លប់សន្តិភាព»។
ជាមួយគ្នានោះដែរ លោកជំទាវក៏បានកោតសរសើរដល់សមាគម ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គម តាមរយៈការចិញ្ចឹមបីបាច់ថែរក្សា ផ្តល់កន្លែងស្នាក់នៅ អាហារ និងផ្តល់ការអប់រំទម្លាប់រស់នៅល្អៗដល់កុមារដែលគ្មានអាណាព្យាបាល។
មុននឹងបញ្ចប់កម្មវិធី លោកជំទាវប្រធាន ក៏បានផ្តល់ដំបូន្មានយ៉ាងកក់ក្តៅដល់ក្មួយៗ ចៅៗកុមារទាំងអស់ ឱ្យយកចិត្តទុកដាក់លើសុខភាព (ហូបស្អាត ផឹកស្អាត) ចេះស្រឡាញ់សាមគ្គីគ្នា ចៀសវាងការសេពគប់មិត្តមិនល្អ និងត្រូវខិតខំរៀនសូត្រឱ្យក្លាយជាធនធានមនុស្សដ៏ឆ្នើមសម្រាប់អនាគតប្រទេសជាតិ។
ដើម្បីផ្តល់ភាពកក់ក្តៅ និងការហូបចុកគ្រប់គ្រាន់ដល់មណ្ឌល គណៈប្រតិភូព្រឹទ្ធសភាបានប្រគល់ជូននូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់រួមមាន៖
សម្ភារៈ៖ សម្លៀកបំពាក់ថ្មី ១៣៥ឈុត, សម្លៀកបំពាក់ជជុះ ៦បេ, ភួយ ១៣៥ភួយ និងកញ្ចប់សម្ភារអនាម័យ (ឃីត) ចំនួន ១៣៥កញ្ចប់។
ស្បៀងអាហារ៖ មីជាតិ ២៥កេស, ទឹកក្រូច ២៥កេស, ទឹកបរិសុទ្ធ ២០កេស រួមទាំងម្ហូបអាហារស្រស់ៗជាច្រើនមុខទៀត (សាច់ជ្រូកសាស៊ីវ បង្គាខ្ទិះ នំប៉័ង ពងទាកូន ប្រហិត និងនំកញ្ចប់)។
ថវិកាឧបត្ថម្ភ៖ ចំនួន ២លានរៀល សម្រាប់ជួយទ្រទ្រង់ការចំណាយប្រចាំថ្ងៃរបស់មណ្ឌល។
បច្ចុប្បន្ននេះ សមាគមមានកុមារសរុបចំនួន ១៣៥នាក់ ស្រី៨៥នាក់ ប្រុស៥០នាក់ និងលោកគ្រូអ្នកគ្រូ ថែទាំមានចំនួន១៧នាក់ ស្រី៩នាក់ ប្រុស៨នាក់៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ