ឯកឧត្ដម សាយ បូរិន និងលោកជំទាវ អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុង និងនាំយកសម្ភារៈសំណង់ ព្រមទាំងថវិកាឧបត្ថម្ភជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង
 
ចែករំលែក ៖

នៅព្រឹកថ្ងៃស្រុក ទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម សាយ បូរិន សមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ស្ពានបេតុងអាម៉េ ដែលកំពុងសាងសង់មានប្រវែង ២៥ម៉ែត្រ និងទទឹង៤ម៉ែត្រ នៅត្រង់ចំណុចបាញ់លះ ស្ថិតក្នុងភូមិគៀនតាម៉ា ដែលជាសំណង់យុទ្ធសាស្ត្រមួយក្នុងការសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងសកម្មភាពចុះពិនិត្យនោះដែរ ក៏មានការចូលរួមយ៉ាងផុសផុល និងសាមគ្គីភាពយ៉ាងស្អិតរមួតពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក្នុងការស្ម័គ្រចិត្តចូលរួមជាកម្លាំង ដើម្បីចាក់បេតុងភ្ជាប់តួស្ពានទាំងសងខាង ក្នុងគោលបំណងជួយសម្រាលបន្ទុក និងជំរុញល្បឿននៃការសាងសង់ឱ្យបានទាន់ពេលវេលា។​ ឯកឧត្ដម និងលោកជំទាវ បានចូលរួមឧបត្ថម្ភបន្ថែមនូវគ្រឿងសម្ភារៈសំណង់ រួមមាន៖ ស៊ីម៉ង់ត៍ ៥តោន, ខ្សាច់ ៤ឡាន, ថ្ម ៤ឡាន និងដែក ១២ដើម ដែលគិតជាទឹកប្រាក់សរុបចំនួន ១,១៥០ដុល្លារអាមេរិក។
ក្រៅពីគ្រឿងសម្ភារៈសំណង់ ឯកឧត្ដម និងលោកជំទាវ ក៏បានគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់កម្លាំងប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ចំនួន១១០នាក់ ដោយបាននាំយកនូវគ្រឿងឧបត្ថម្ភ និងថវិកាលើកទឹកចិត្តបន្ថែមទៀត រួមមាន៖ ក្រមាចំនួន១១០, ភេសជ្ជៈ ៧កេស, នំបុ័ង កាហ្វេ ទឹកដោះគោ, អាហារសាមគ្គី, និងទឹកបរិសុទ្ធ សរុបជាថវិកាអស់២.៥០០.០០០.រៀល។
ទន្ទឹមនឹងនោះ ឯកឧត្ដម និងលោកជំទាវ បានចំណាយទៅលើគ្រឿងសម្ភារៈសំណង់ និងការឧបត្ថម្ភនានា ក្នុងដំណើរការចុះពិនិត្យការដ្ឋានសាងសង់ស្ពាននាឱកាសនោះ មានចំនួនសរុប ៦.៨៤៧.៥០០រៀល (ប្រាំមួយលានប៉ែតសិបបួនម៉ឺនប្រាំពីរពាន់ប្រាំរយរៀល)។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋានផ្ទាល់តែម្តង៕

ប្រភព​៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី៥ព្រឹទ្ធសភា​
សម្រួលខ្លឹមសារ៖ នាយកដ្ឋាន​ព័ត៌មាន​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ