









នាព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៅសាលាក្រុងសែនមនោរម្យ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ដឹកនាំដោយលោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម និងលោកជំទាវ ចឹក ហេង សមាជិកាក្រុម តំណាងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន៦រួមមាន៖ ឃុំដាក់ដាំ ឃុំសែនមនោរម្យ ស្រុកអូររាំង និងសង្កាត់មនោរម្យ សង្កាត់សុខដុម សង្កាត់ស្ពានមានជ័យ និងសង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដើម្បីឈ្វេងយល់ពីបញ្ហាប្រឈម សំណូមពរ ក្នុងការអនុវត្តតួនាទីភារកិច្ចកន្លងមក។
ក្នុងឱកាសនេះ លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម បាននាំយកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ថ្នាក់ដឹកនាំព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម ដោយក្តីនឹករលឹកជូនដល់អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យ និងស្រុកអូររាំង។
ក្រោយពីបានស្តាប់សេចក្តីរាយការណ៍យ៉ាងក្បោះក្បាយរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងស្រុក ក្រុងទាំងពីរ លោកជំទាវ អនុប្រធានក្រុម បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ និងសូមកោតសសើរចំពោះលទ្ធផលដែលទទួលបានគួរឱ្យកត់សម្គាល់។ លោកជំទាវ បានលើកទឹកចិត្តដល់ប្រឹក្សាឃុំ សង្កាត់ ទាំងអស់ឱ្យបន្តយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពាវនាវដល់ថ្នាក់ដឹកនាំ ក្រុង ស្រុក ឃុំ សង្កាត់ ឱ្យបន្តអនុវត្តអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាប និងបោសសម្អាតបទល្មើសនានា ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្មេងទំនើង ល្បែងស៉ីសង និងបញ្ហាគ្រឿងញៀន។
លោកជំទាវ បានបន្តមានប្រសាសន៍ថា ចំពោះបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរស្រុកអូររាំង និងក្រុងសែនមនោរម្យ និងក្រុមប្រឹក្សាឃុំ សង្កាត់ បានលើកឡើង ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នឹងធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំព្រឹទ្ធសភា និងគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដើម្បីលើកជាអនុសាសន៍ជម្រាបដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន