ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុញ្ញាឱ្យគណៈប្រតិភូនៃសមាគមពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ជួបពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពាណិជ្ជកម្មកសិកម្ម និងថាមពល
 
ចែករំលែក ៖

នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យគណៈប្រតិភូនៃសមាគមពាណិជ្ជកម្មកម្ពុជា-រុស្ស៊ី ចូលជួបពិភាក្សាការងារ ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-រុស្ស៊ី លើវិស័យអប់រំ ពាណិជ្ជកម្មកសិកម្ម និងថាមពល។

ក្នុងជំនួបនោះ គណៈប្រតិភូបានជម្រាបជូនអំពីកម្មវិធីអាហារូបករណ៍ ១០០% សម្រាប់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសរុស្ស៊ី ដែលបច្ចុប្បន្នបានផ្តល់ឱកាសដល់និស្សិតចំនួន ៦៣នាក់ក្នុងមួយឆ្នាំ និងកំពុងជំរុញឱ្យកើនដល់ ៨០នាក់ ខណៈដែលមានបេក្ខជនដាក់ពាក្យជាង ១,៣០០នាក់។ សមាគមក៏បានលើកពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម កសិកម្ម និងថាមពល ជាពិសេសពាណិជ្ជកម្មជីគីមី និងប្រេងឥន្ធនៈ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគម និងបញ្ជាក់ថា ព្រឹទ្ធសភានឹងត្រៀមជួយសម្របសម្រួល និងជំរុញកិច្ចសហប្រតិបត្តិការនានា ដើម្បីផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនកម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាពរវាងកម្ពុជា-រុស្ស៊ីឱ្យកាន់តែរឹងមាំ។

ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ