



















នាព្រឹកថ្ងៃសុក្រ ១២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា មកពីខេត្តបាត់ដំបង និងខេត្តប៉ៃលិន (មណ្ឌលភូមិភាគទី៤) នៅខេត្តបាត់ដំបង។
គោលបំណងសំខាន់នៃការចុះជួបសំណេះសំណាលនាពេលនេះ ធ្វើឡើងដើម្បីពង្រឹងគណនេយ្យភាពរវាងព្រឹទ្ធសភា និងអង្គបោះឆ្នោត ធានាឱ្យបាននូវតម្លាភាព ព្រមទាំងជំរុញប្រសិទ្ធភាពការងារនៅតាមមូលដ្ឋានឱ្យកាន់តែរឹងមាំទ្វេឡើង។
ពិធីសំណេះសំណាលដ៏មានអត្ថន័យនេះ មានអ្នកចូលរួមសរុបចំនួន ៩៩៩នាក់ ដែលរួមមាន សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ប្រធាន-អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង និងខេត្តប៉ៃលិន សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពនានាជុំវិញខេត្តទាំងពីរ។
នេះជាលើកទី១៦ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន គិតចាប់តាំងពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ មក។ គិតមកទល់ពេលនេះ សម្តេចតេជោ បានអញ្ជើញទៅដល់បណ្តារាជធានី-ខេត្តចំនួន ១៦រួចមកហើយ រួមមាន ខេត្តកំពង់ចាម, ត្បូងឃ្មុំ, កណ្តាល, រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ, តាកែវ, កំពត, កែប, ស្វាយរៀង, ព្រៃវែង, កំពង់ឆ្នាំង, ពោធិ៍សាត់, កំពង់ធំ, សៀមរាបនិងឧត្តរមានជ័យ, បន្ទាយមានជ័យ, បាត់ដំបងនិងប៉ៃលិន៕
ប្រភព៖ នាយកដ្ឋានព័ត៌មាន