ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមហាគ្រួសារកសិករចិញ្ចឹមសត្វ និងដាំដំណាំកម្ពុជា ប្រមាណ ៧០០នាក់ នៅខេត្តកំពង់ស្ពឺ
 
ចែករំលែក ៖

នារសៀលថ្ងៃសៅរ៍ ១៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣ព្រឹទ្ធសភា) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ) បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ មហាគ្រួសារកសិករចិញ្ចឹមសត្វ និងដាំដំណាំកម្ពុជា នៅតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ស្ថិតក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយមានអ្នកចូលរួមប្រមាណ ៧០០នាក់ រួមមាន សមាជិកព្រឹទ្ធសភា អាជ្ញាធរដែនដី ប្រធានមន្ទីរពាក់ព័ន្ធ (កសិកម្ម បរិស្ថាន ទេសចរណ៍ ធនធានទឹក) តំណាងធនាគារដៃគូ និងបងប្អូនកសិករមកពីបណ្តាខេត្តនានាទូទាំងប្រទេស។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានមានប្រសាសន៍សង្កត់ធ្ងន់ថា វិស័យកសិកម្ម ការចិញ្ចឹមសត្វ និងការដាំដំណាំ មិនត្រឹមតែជាប្រភពផលិតស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភដ៏សំខាន់បំផុតនៃសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចជនបទ ក្នុងការបង្កើតការងារ បង្កើតចំណូល និងកាត់បន្ថយភាពក្រីក្រ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារដៃគូសហការ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ រួមមាន ធនាគារ ជីប ម៉ុង៖ ភេសជ្ជៈ ១២៥កេស និងទឹកបរិសុទ្ធ ៦០កេស, ធនាគារ វីង៖ ថវិកាចំនួន ៣,៥០០ ដុល្លារអាម៉េរិក, ធនាគារ ហ្វីលីព ភីអិលស៊ី៖ ថវិកាចំនួន ២,០០០ ដុល្លារអាម៉េរិក។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ