



















នាព្រឹកថ្ងៃអង្គារ ២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ គណៈកម្មការទី២ព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលើអនុក្រឹត្យស្ដីពី ការរៀបចំនិងការប្រព្រឹត្តទៅនៃមូលនិធិភាតរភាព ប្រាក់សោធននិវត្តន៍ និងផលប្រយោជន៍ផ្សេងៗដែលរាជរដ្ឋាភិបាលបានរៀបចំសម្រាប់ឃុំ សង្កាត់ ក្រោមការសម្របសម្រួលដោយឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ជូ គឹមឡេង រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
កិច្ចប្រជុំផ្សព្វផ្សាយនេះ រៀបចំឡើងក្នុងគោលបំណង៖
១- ឆ្លើយតបតួនាទីតាមដានការអនុវត្តច្បាប់របស់ព្រឹទ្ធសភា
២- ជួយសមាជិកព្រឹទ្ធសភាធានាបាននូវសង្គតិភាព នៃព័ត៌មានគ្រប់ជ្រុងជ្រោយសម្រាប់ការងារចុះមូលដ្ឋាន
៣- ជួយសមាជិកព្រឹទ្ធសភាក្នុងការបំពេញមុខងារប្រកបដោយប្រសិទ្ធិភាពជាតំណាងចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោតជូនព្រឹទ្ធសភា។
កិច្ចប្រជុំនេះមានការធ្វើបទឧទ្ទេសនាមពីមន្រ្តីជាន់ខ្ពស់ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើប្រធានបទចំនួន២ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ប្រធានគណៈកម្មការ អនុប្រធានគណៈកម្មការ និងលេខាធិការគណៈកម្មការជំនាញទាំង១០ នៃព្រឹទ្ធសភា ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុប៦៥រូប។
ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន