ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Henock Puraro សមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា
 
ចែករំលែក ៖

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជាបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Henock Puraro សមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី និងជាអនុប្រធានទី៣ នៃគណៈកម្មការសហប្រតិបត្តិការសភា ព្រមទាំងគណៈប្រតិភូ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា។
ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Henock Puraro និងគណៈប្រតិភូ នាដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ ដោយគោរពអនុវត្តតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ភាគីទាំងពីរបានពិភាក្សា ដោយផ្តោតសំខាន់លើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសរវាងស្ថាប័ននីតិបញ្ញត្តិយើងទាំងពីរ បន្ថែមលើទំនាក់ទំនងជាប្រពៃណីដ៏ល្អ ដែលប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី មានតាំងពីយូរលង់ណាស់មកហើយ ដែលរួមមាន៖ នយោបាយ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអប់រំ ការផ្លាស់ប្តូរវប្បធម៌ និងរវាងប្រជាជននិងប្រជាជន។ ទន្ទឹមនឹងនេះ កិច្ចប្រជុំ ក៏បានពិភាក្សាអំពីយន្តការនៃការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ឥណ្ឌូណេស៊ី និងផែនទីបង្ហាញផ្លូវនៃកិច្ចសហប្រតិបត្តិការនេះ ព្រមជាមួយនឹង កិច្ចសហការជំរុញសម្រេចឱ្យបាននូវគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការរៀបចំ «វេទិកាថ្នាក់ដឹកនាំព្រឹទ្ធសភាអាស៊ាន» ។ ក្រោយជំនួប ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ក៏បានជូនឯកឧត្តម Henock Puraro និងគណៈប្រតិភូទស្សនាវិមានសាមគ្គីភាពផងដែរ។

ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ