ក្រមសមាជិកាព្រឹទ្ធសភា លើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ បន្តពង្រឹងសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ និងជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីការពារសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិ ឱ្យបានគង់វង្ស
 
ចែករំលែក ៖

ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ  និងនាំយកចង្ក្រានសន្សំសំចៃថាមពលដែលជាអំណោយរបស់ក្រុមហ៊ុនស៊ីបកូ(SIPCO) ចែកជូនប្រជាពលរដ្ឋ ចំនួន៤០០គ្រួសារ នៅសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦។

លោកជំទាវប្រធាន បាននាំយកនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និង ឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ប្រកបដោយក្តីនឹករលឹកជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្តក្រចេះ។

លោកជំទាវប្រធាន បានលើកឡើងពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ និងថ្លែងអំណរគុណ ដឹងគុណយ៉ាងធំធេងចំពោះកងកម្លាំងគ្រប់ប្រភេទដែលឈរជើងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីជាតិ។

លោកជំទាវប្រធាន បានថ្លែងអំណរគុណ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់ បន្តពង្រឹងសាមគ្គីភាព ឯកភាពគ្នាជាធ្លុងមួយ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារសុខសន្តិភាព ស្ថិរភាព និងអធិបតេយ្យជាតិ ឱ្យបានគង់វង្ស។

លោកជំទាវ បានលើកឡើងពីការបំពេញច្បាប់កាតព្វកិច្ចយោធា និងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ គ្រប់រូបឱ្យយល់ដឹង និងគាំទ្រច្បាប់នេះ ដើម្បីរួមចំណែកកសាងប្រទេសជាតិ និងការពារមាតុភូមិ ដែលជាកាតព្វកិច្ចចំបង និងកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ប្រជាពលរដ្ឋខ្មែរ និងជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធការពារជាតិសម្រាប់ការការពារជាតិ និងការអភិវឌ្ឍមាតុភូមិ ព្រមទាំងការបណ្តុះស្មារតីស្នេហាជាតិ ការគោរពគំនិត និងវិន័យដែលជាតម្រូវការរបស់ប្រទេសជាតិ។

អំណោយដែលបានផ្តល់ជូនក្នុងឱកាសនោះ គឺបានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុន SIPCO  ជូនប្រជាពលរដ្ឋចំនួន៤០០គ្រួសារ ដើម្បីរួមចំណែកការពារបរិស្ថាន កាត់បន្ថយការចំណាយ និងដើម្បីសុខមាលភាពប្រជាពលរដ្ឋ ដោយប្រជាពលរដ្ឋក្នុង១គ្រួសារៗ ទទួលបានចង្ក្រានសន្សំសំចៃថាមពលចំនួន១ និងឧបត្ថម្ភថវិកាដល់សមាគន៍នារីក្រុងក្រចេះ ចំនួន១លានរៀល។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ
សារលិខិតអបអរសាទររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយស នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្នុងឱកាសដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ត្រូវបានសហគមន៍ The Olave Baden-Powell Society (OB-PS) ថ្វាយនូវ ពានសមាជិកភាពកិត្តិយសជើងឯក “Champions Award” នៅក្នុងឱកាសនៃមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ របស់សហគមន៍ The Olave Baden-Powell Society ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងបានប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ជាសមាជិក សមាជិកា នៃព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមលំឱនកាយវាចាចិត្ត ចូលរួមអបអរសាទរយ៉ាងក្រៃលែង និងសម្តែងនូវកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុ គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ