












នៅថ្ងៃពុធ ១កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរងព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងទទួលសៀវភៅ «The Father, Who Shielded and Never Left» ពីលោកស្រី FARI អ្នកនិពន្ធសៀវភៅ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងភ្ញៀវកិត្តិយស។
ពិធីនេះ មានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍ពាក់ព័ន្ធនឹងការតែងនិពន្ធ ព្រមទាំងផ្សព្វផ្សាយតម្លៃអប់រំ និងសារសំខាន់ដែលអ្នកនិពន្ធចង់ផ្សព្វផ្សាយដល់អ្នកអាន។ សៀវភៅ «The Father, Who Shielded and Never Left» ឆ្លុះបញ្ចាំងពីតួនាទី ការលះបង់ សេចក្តីស្រឡាញ់ និងការទទួលខុសត្រូវរបស់ឪពុកចំពោះគ្រួសារ ព្រមទាំងលើកតម្កើងគុណតម្លៃនៃការអភ័យទោស ការមិនគុំកួន និងការផ្សះផ្សា ដែលជាសារអប់រំដ៏មានអត្ថន័យសម្រាប់សង្គមជាតិ។
ក្នុងឱកាសនោះ ក៏មានការប្រគល់-ទទួលសៀវភៅ ដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌នៃការអាន ការសិក្សាស្រាវជ្រាវ និងការចែករំលែកចំណេះដឹង ព្រមទាំងលើកទឹកចិត្តដល់ការបង្កើតស្នាដៃនិពន្ធប្រកបដោយគុណតម្លៃសម្រាប់សាធារណជន៕
ខ្លឹមសារ និងរូបភាព៖ ជំនួយការឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរងព្រឹទ្ធសភា