











នៅថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការរង ព្រឹទ្ធសភា បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើគោលនយោបាយអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល និងរួមគ្នាការពារប្រទេសជាតិពីការឈ្លានពានរបស់ប្រទេសជិតខាង។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសឯកឧត្តមចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងលំបាក តាមភូមិទាំង ៧ នៃឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម ព្រមទាំងពាំនាំសារសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចគតិព្រឹទ្ធបណ្ឌិត និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ក្នុងឱកាសនោះ ឯកឧត្តមក៏បានប្រគេនទេយ្យទាន និងទានវស្សា ជូនវត្តចំនួន ៤ និងអាស្រមចំនួន ១ ដែលមានទីតាំងរួមនៅវត្តផ្អាវ ឃុំផ្អាវ ដោយឧទ្ទិសកុសលជូនវីរយុទ្ធជនដែលបានពលីជីវិតក្នុងបុព្វហេតុការពារទឹកដីជាតិ។
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់របស់ព្រឹទ្ធសភាចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការបន្តលើកកម្ពស់ស្មារតីសាមគ្គីភាព និងការពារសន្តិភាព អធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
ខ្លឹមសារ៖ ជំនួយការឯកឧត្តមអគ្គលេខាធិការរងព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន