







នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញដាក់កូរោនផ្កាគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ស្ថិតនៅផ្ទះលេខ៦០ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បានទទួលមរណភាព នៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០:២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។
ជាមួយនឹងពេលវេលាពោរពេញដោយសមាណទុក្ខ និងសេចក្តីសោកស្តាយជាពន់ពេកនេះ ក្នុងនាមក្រុមសមាជិកាព្រឹទ្ធសភា និងសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយលោកជំទាវមហាឧបាសិកា សុខ កែវ ព្រមទាំងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទម្ងន់បាត់បង់សមាជិកគ្រួសារមួយរូបប្រកបដោយព្រហ្មវិហារធម៌ និងទឹកចិត្តសណ្តោសប្រណីដ៏ថ្លៃថ្លាបំផុត។
សពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋាននៃសព ផ្ទះលេខ៦០ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន