












នាព្រឹកថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦
គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការ សហការជាមួយគណៈកម្មការនីតិកម្ម និងយុត្តិធម៌ (គណៈកម្មការទី៦) ដឹកនាំដោយលោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការនានានៃព្រឹទ្ធសភាជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងសហការី ដើម្បីពិនិត្យសិក្សាសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ នៅសាលភក្តីវិក្រម៣ វិមានព្រឹទ្ធសភា។
សេចក្តីព្រាងច្បាប់នេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖
-ធានាឱ្យការកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ មានភាពសមស្របជាមួយលទ្ធផលនៃ ការបោះឆ្នោតស្របនឹងឆន្ទៈរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត និងគោលការណ៍លទ្ធិប្រជាធិបតេយ្យ។
-ពង្រឹងប្រសិទ្ធភាពនៃការដឹកនាំនិងគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
-ធានាឱ្យមានឯកភាពនិងភាពស៊ីសង្វាក់គ្នាក្នុងការអនុវត្តការងាររដ្ឋបាលនៅថ្នាក់មូលដ្ឋាន។
-លើកកម្ពស់ការទទួលខុសត្រូវនិងភាពម្ចាស់ការរបស់ថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់។
-គាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់វិមជ្ឈការនិង
វិសហមជ្ឈការ ឱ្យកាន់តែមានប្រសិទ្ធភាព។
ប្រភព៖ នាយកដ្ឋានព័ត៌មាន