គណៈប្រតិភូគណៈកម្មការទី៥ នៃព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីស្វែងយល់វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ
 
ចែករំលែក ៖

នាព្រឹកថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយ ឯកឧត្តម ង៉ាន់ ចំរើន អនុប្រធានគណៈកម្មការទី៥ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មការទី៥ អមដំណើរដោយជំនួយការខុទ្ទកាល័យសម្តេចតេជោប្រធានព្រឹទ្ធសភា និងលេខាធិការដ្ឋានគណៈកម្មការទី៥ បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ អភិបាលរងខេត្ត ថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសហការី នៅសាលាខេត្តត្បូងឃ្មុំ។

បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍អំពីវឌ្ឍនភាពទូទៅរបស់ខេត្តដោយ ឯកឧត្តម អភិបាលខេត្ត រួចមក ឯកឧត្តម ង៉ាន់ ចំរើន បានគូសបញ្ជាក់ពីគោលបំណងចម្បងនៃបេសកកម្មនេះ ដើម្បីតាមដាន និងស្វែងយល់ពី៖

១-ការអនុវត្តច្បាប់ និងលិខិតបទប្បញ្ញត្តិ ពិនិត្យមើលការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន ច្បាប់ស្តីពីការងារ និងប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានក្នុងដែនសមត្ថកិច្ចខេត្ត។
២-វឌ្ឍនភាព និងបញ្ហាប្រឈម សិក្សាពីសមិទ្ធផលការងារ សំណូមពរ វិធានការដោះស្រាយ និងចក្ខុវិស័យអភិវឌ្ឍន៍នាពេលអនាគតរបស់រដ្ឋបាលខេត្ត។
៣-កិច្ចការបរទេស និងព្រំដែន វាយតម្លៃលើការងារចងសម្ព័ន្ធមេត្រីភាពរវាងខេត្តត្បូងឃ្មុំ ជាមួយបណ្តាខេត្តនៃប្រទេសជិតខាង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការតំបន់។
៤-ការពង្រឹងទំនាក់ទំនង លើកកម្ពស់កិច្ចសហការ និងពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងព្រឹទ្ធសភា ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់។
៥-ផ្សេងៗ

ក្នុងជំនួបនេះ ឯកឧត្តមអនុប្រធានគណៈប្រតិភូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនានឹករលឹក និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ព្រមទាំង ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត អនុប្រធានទី២ នៃព្រឹទ្ធសភា ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអាជ្ញាធររដ្ឋបាលខេត្តត្បូងឃ្មុំទាំងមូល។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ