អនុប្រធានទី២ព្រឹទ្ធសភា ស្នើជប៉ុនជំរុញការវិនិយោគលើកុមារ អប់រំ និងសុខាភិបាល ក្នុងជំនួបជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុន
 
ចែករំលែក ៖

នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ជប៉ុន បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូព្រឹទ្ធសភាជប៉ុន ដឹកនាំដោយ ឯកឧត្តម ហ្វូរូកាវ៉ា តូស៊ីហារូ ប្រធានគណៈកម្មការពិសេសទទួលបន្ទុកជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ដែលជាបេសកកម្មដំបូងរបស់ព្រឹទ្ធសភាជប៉ុនមកកម្ពុជា ចាប់តាំងពីឆ្នាំ២០២៣ មក។
ជំនួបនេះបានផ្ដោតលើការវិនិយោគលើយុវជនជំនាន់ក្រោយ ដោយឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ថា ការវិនិយោគលើកុមារគឺជាការវិនិយោគលើអនាគតរបស់កម្ពុជា ដែលស៊ីសង្វាក់គ្នានឹងគោលដៅចម្បងនៃ ODA ជប៉ុន។ ក្នុងន័យនេះ កម្ពុជាស្នើឱ្យជប៉ុនជួយគាំទ្រអាហារូបត្ថម្ភកុមារក្នុងតម្លៃសមរម្យ និងលើកកម្ពស់ការអប់រំតាមរយៈការបំពាក់ទូរទស្សន៍ឆ្លាតវៃភ្ជាប់អ៊ីនធឺណិតនៅតាមសាលារៀន ដើម្បីបង្រៀនភាសាអង់គ្លេស វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងអនាម័យ។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានស្នើឱ្យជប៉ុនបន្តចូលរួមអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ ដើម្បីបន្តកេរដំណែល (Legacy) ដ៏មានតម្លៃ ដ្បិតដំណើរការសន្តិភាព និងស្ថិរភាពនយោបាយកម្ពុជាមិនអាចកាត់ផ្តាច់ពីការរួមចំណែករបស់ជប៉ុនបានឡើយ។ កម្ពុជា បានស្នើជប៉ុន បន្តផ្តល់អាហារូបករណ៍ ការបណ្តុះបណ្តាលជំនាញ បច្ចេកទេស ព្រមទាំងជំរុញការវិនិយោគផ្ទាល់លើការកែច្នៃកសិផល ជាពិសេសកាហ្វេ និងកាកាវ។
ក្នុងវិស័យសុខាភិបាល ឯកឧត្តមបណ្ឌិតបានលើកឡើងពីគំនិតតភ្ជាប់ទំនាក់ទំនងរវាងមន្ទីរពេទ្យនៃប្រទេសទាំងពីរ ដោយប្រើប្រាស់ធនធានមនុស្សកម្ពុជា ដែលចេះភាសាជប៉ុនជាស្ពានសម្របសម្រួល ដើម្បីឱ្យអ្នកជំងឺកម្ពុជាទទួលបានការព្យាបាលឯកទេសនៅជប៉ុនប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យជាងគោលដៅព្យាបាលមួយចំនួនក្នុងតំបន់។
ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិត និងឯកឧត្តមប្រធានគណៈប្រតិភូព្រឹទ្ធសភាជប៉ុន បានប្តេជ្ញាជំរុញទំនាក់ទំនងសភា ជាពិសេសតាមរយៈក្រុមមិត្តភាពសភាកម្ពុជា ជប៉ុន ឱ្យកាន់តែជិតស្និទ្ធបន្ថែមទៀត៕

ខ្លឹមសារ​៖ ខុទ្ទកាល័យ​ឯកឧត្ដម​អនុប្រធាន​ទី២ព្រឹទ្ធសភា​
រូបភាព៖ នាយកដ្ឋាន​ព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ