ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារ «តេជោ» នៃសាលា Alliance Française ខេត្តសៀមរាប
 
ចែករំលែក ៖

សៀមរាប៖ នៅរសៀលថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នេះ អគារ «តេជោ» នៃសាលាអាល្លីយ៉ង់ បារាំង (Alliance Française) ខេត្តសៀមរាប ត្រូវបានប្រារព្ធពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង នាយកខុទ្ទកាល័យសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃព្រឹទ្ធសភា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះក៏មានការយាង និងអញ្ជើញចូលរួមពី ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានសាលា Alliance Française ខេត្តសៀមរាប, សមាជិក សមាជិកាព្រឹទ្ធសភា, តំណាងស្ថានទូតបារាំង, ព្រមទាំងតំណាងក្រសួង-ស្ថាប័ន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងច្រើនកុះករ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង បានពាំនាំនូវការសាកសួរសុខទុក្ខប្រកបដោយភាពកក់ក្តៅពី សម្តេចតេជោ ហ៊ុន សែន ជូនចំពោះអង្គពិធី និងបានគូសបញ្ជាក់ពីការស្រឡាញ់ និងយកចិត្តទុកដាក់របស់សម្តេចចំពោះភាសាបារាំង។ ឯកឧត្តមបណ្ឌិត ក៏បានចែករំលែកនូវបទពិសោធន៍ផ្ទាល់ខ្លួនកាលពី ៣៥ឆ្នាំមុន (ក្នុងឆ្នាំ១៩៩១) ដែលបានចាប់ផ្តើមរៀនភាសាបារាំងដំបូងនៅ Alliance Française ទីក្រុងភ្នំពេញ ដោយបញ្ជាក់ថា សមិទ្ធផលថ្មីនេះជាសក្ខីភាពនៃតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងជាលំហនៃការសន្ទនាអន្តរវប្បធម៌ និងការបណ្តុះបណ្តាលសិល្បៈដល់យុវជនកម្ពុជា។

សូមជម្រាបថា សាលា Alliance Française ខេត្តសៀមរាប បានកំណត់ផែនទីបង្ហាញផ្លូវលើ ៥ វិស័យសំខាន់ៗ រួមមាន៖ ១. ការអប់រំ និងភាសាបារាំង, ២. វប្បធម៌ និងបេតិកភណ្ឌ, ៣. ទេសចរណ៍ និងការអភិវឌ្ឍមូលដ្ឋាន (ដូចជាការបណ្តុះបណ្តាលមគ្គុទ្ទេសក៍ទេសចរណ៍), ៤. ឥទ្ធិពលអន្តរជាតិ, និង ៥. ការច្នៃប្រឌិត និងបច្ចេកវិទ្យាឌីជីថល។ អ្វីដែលកាន់តែពិសេស ការសម្ពោធអគារ «តេជោ» នាពេលនេះ គឺជាការចូលរួមយ៉ាងស្របចង្វាក់គ្នាក្នុងការត្រៀមខ្លួនរបស់កម្ពុជា សម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) លើកទី២០ នៅក្នុងឆ្នាំ២០២៦ ខាងមុខ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការវិលត្រឡប់មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិកជាថ្មី បន្ទាប់ពីខកខានអស់រយៈពេលជិត ៣០ឆ្នាំ។

កម្មវិធីបញ្ចប់មានការរៀបចំពិធីកាត់ខ្សែបូសម្ពោធជាផ្លូវការ និងការទស្សនាអគារ «តេជោ» ថ្មី ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល និងក្តីសង្ឃឹមយ៉ាងមុតមាំចំពោះការរីកចម្រើននៃវប្បធម៌ហ្វ្រង់កូហ្វូនីនៅកម្ពុជា។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ