







នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសាលភក្តីវិក្រម៣ ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំស្តីពី «ការជំរុញគោលនយោបាយកាហ្វេនៅកម្ពុជា» ដោយមានការចូលរួមពីសមាគមកាហ្វេកម្ពុជា ស្ថាប័នសិក្សា និងស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ និងវិស័យឯកជនពាក់ព័ន្ធ ក្នុងគោលបំណងជំរុញ និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធរួមគ្នាអភិវឌ្ឍកាហ្វេជាដំណាំមានតម្លៃខ្ពស់ និងជាដំណាំយុទ្ធសាស្ត្រសម្រាប់កសិករ ជាពិសេសនៅប៉ែកឦសាន ដើម្បីបង្កើនផលិតកម្មក្នុងស្រុក កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងបង្កើនចំណូលជូនប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យកាហ្វេត្រូវផ្អែកលើទិន្នន័យ និងការសិក្សាច្បាស់លាស់ ដើម្បីកំណត់តំបន់ដែលមានសក្តានុពលសម្រាប់ពង្រីកការដាំដុះ។ ខេត្តមណ្ឌលគិរីគួរជាតំបន់គោលដៅសំខាន់ ខណៈរតនគិរី កោះកុង និងពោធិ៍សាត់ គួរត្រូវបានសិក្សាបន្ថែម។ ជាមួយគ្នានេះ ត្រូវជំរុញការស្រាវជ្រាវ និងអភិវឌ្ឍពូជកាហ្វេក្នុងស្រុក ដែលមានគុណភាព តម្លៃសមរម្យ និងធន់នឹងអាកាសធាតុ ជំងឺ និងសត្វល្អិត ព្រមទាំងពង្រឹងបច្ចេកទេសដាំដុះ ការប្រមូលផល និងការកែច្នៃ ដើម្បីបង្កើនទិន្នផល និងគុណភាពកាហ្វេកម្ពុជា។
ឯកឧត្តមបណ្ឌិតបានជំរុញការកសាង ខ្សែច្រវាក់តម្លៃពីចម្ការដល់ទីផ្សារ ដោយភ្ជាប់កសិករ អ្នកផ្គត់ផ្គង់ធាតុចូល អ្នកប្រមូលទិញ អ្នកកែច្នៃ ស្ថាប័នហិរញ្ញវត្ថុ និងទីផ្សារ ហើយការងារនេះត្រូវមានប្រព័ន្ធច្បាស់លាស់ ដើម្បីកាត់បន្ថយថ្លៃដើម ពង្រឹងគុណភាព និងបង្កើនសមត្ថភាពប្រកួតប្រជែង។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិតក៏បានលើកទឹកចិត្តឱ្យសមាគមចាប់ផ្តើមខ្សែច្រវាក់តម្លៃនេះពីសមាជិក និងកសិករនៅតំបន់សក្តានុពល និងបន្តពង្រីកទៅកសិករផ្សេងទៀត ដោយមានការចូលរួមពីវិស័យឯកជន ស្ថាប័នស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍។
ចុងបញ្ចប់ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា កាហ្វេអាចជា «ដំណាំយុទ្ធសាស្ត្ររបស់កសិករ» តាមរយៈការស្រាវជ្រាវ ការវិនិយោគ ការកសាងប្រព័ន្ធផលិតកម្ម និងការភ្ជាប់ទីផ្សារឱ្យបានច្បាស់លាស់។
ខ្លឹមសារ៖ ខុទ្ទការល័យអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន