ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំក្រុមគ្រូពេទ្យ នៃសមាគមក្រុមគ្រូពេទ្យវះកាត់ដើម្បីកម្ពុជា (S.F.C) ចុះបេសកកម្មមនុស្សធម៌ពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ នៅមន្ទីរពេទ្យខេត្តស្វាយរៀង
 
ចែករំលែក ៖

នៅថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ ដឹកនាំដោយ ឯកឧត្តមអ៊ុសារឹទ្ធ អនុប្រធានក្រុម អមដំណើរដោយ ឯកឧត្តមគឹមធា និង ឯកឧត្តមម៉ែនស៊ីផាន់ សមាជិកក្រុម បានអញ្ជើញដឹកនាំក្រុមគ្រូពេទ្យនៃសមាគមក្រុមគ្រូពេទ្យវះកាត់ដើម្បីកម្ពុជា (S.F.C) រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម Loving Blind Association R.O.C មកពីប្រទេសចិន (តៃវ៉ាន់) ចុះបេសកកម្មមនុស្សធម៌ពិនិត្យ និងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ រយៈពេល ៣ថ្ងៃ (ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦) នៅមន្ទីរពេទ្យខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តមអ៊ុសារឹទ្ធ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភាជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យនៃសមាគម S.F.C និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសចិន (តៃវ៉ាន់) ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តក្នុងសកម្មភាពមនុស្សធម៌នេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា សុខភាពភ្នែក គឺជាបង្អួចនៃវិញ្ញាណ និងជាទ្រព្យសកម្មដ៏មានតម្លៃបំផុតសម្រាប់មនុស្សគ្រប់រូបក្នុងការបំពេញការងារប្រចាំថ្ងៃ ទ្រទ្រង់ជីវភាពគ្រួសារ និងអភិវឌ្ឍន៍សង្គមជាតិ។ ដូច្នេះហើយ សកម្មភាពចុះពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនាពេលនេះ មិនត្រឹមតែជាការជួយសម្រាលបន្ទុកចំណាយថវិកាគ្រួសាររបស់បងប្អូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់នូវពន្លឺ ក្តីសង្ឃឹម និងឱកាសថ្មីក្នុងជីវិតឡើងវិញ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ឲ្យបន្តចូលរួមសហការ និងសម្របសម្រួលឱ្យបានជិតស្និទ្ធបន្ថែមទៀត ដើម្បីធានាថាការផ្តល់សេវាសុខាភិបាលមនុស្សធម៌នេះ អាចឈានទៅដល់ដៃប្រជាពលរដ្ឋទីទ័លក្រ និងជនងាយរងគ្រោះនៅតាមតំបន់ដាច់ស្រយាលឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃការចែករំលែក និងកិច្ចសហការដ៏ល្អរវាងក្រុមគ្រូពេទ្យ និងសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ នឹងប្រែក្លាយទៅជាចលនាសង្គមដ៏រឹងមាំមួយ ក្នុងការកសាងសហគមន៍ដែលមានសុខភាពល្អ និងសុភមង្គលយូរអង្វែង។

ជាលទ្ធផលនៃការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន២៩៤នាក់ ព្រមទាំងបានវះកាត់ភ្នែកចំនួន១០៥ ក្នុងរយៈពេល៣ថ្ងៃនេះ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ