




នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម KIM Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជា និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
នៅក្នុងជំនួបនោះ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម KIM Chang Yong និងសហការី និងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ លើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសវិស័យនីតិបញ្ញត្តិ និងការទូតសភា ជាពិសេសការលើកកម្ពស់ការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ។ ឯកឧត្តមប្រធានស្តីទី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ក្នុងការជំរុញអ្នកវិនិយោគមកធ្វើប្រតិបត្តិការនៅប្រទេសកម្ពុជា និងបានគូសបញ្ជាក់ពីសក្តានុពល និង ឱកាសជាច្រើនទៀតក្នុងការវិនិយោគនៅកម្ពុជា ជាពិសេស ក្នុងវិស័យសំខាន់ៗ ដូចជាកសិកម្ម កសិ-ឧស្សាហកម្ម និងប្រព័ន្ធធារាសាស្រ្តជាដើម។
ជាការឆ្លើយតប ឯកឧត្តម KIM Chang Yong បានកោតសរសើរចំពោះភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការ និងវិធានការបង្ក្រាបបទល្មើសឆបោកអនឡាញរបស់រាជរដ្ឋាភិបាលកម្ពុជា និងសង្ឃឹមថា អាជ្ញាធរកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរកូរ៉េ ចំពោះការចាត់វិធានការលើជនជាតិកូរ៉េ ដែលជាប់ពាក់ព័ន្ធក្នុងបទល្មើសឆបោកនេះ។ ចំពោះកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឯកឧត្តម KIM Chang Yong បានជម្រាបជូនឯកឧត្តមប្រធានស្តីទីថា តាមរយៈទស្សនកិច្ចស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា មានក្រុមហ៊ុនកូរ៉េមួយចំនួនកំពុងពិចារណាមកបណ្តាក់ទុននៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានជម្រាបជូនអំពីការវិនិយោគលើរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុនកូរ៉េ នៅក្នុងខេត្តកំពង់ធំ ដែលរំពឹងថានឹងអាចធ្វើការនាំចេញនៅឆ្នាំក្រោយនេះ និងគម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្រ្តរបស់រដ្ឋាភិបាលកូរ៉េ នៅក្នុងខេត្តភាគខាងជើង ដែលកំពុងមានដំណើរការល្អ និងទទួលបានការកោតសរសើរ។ ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្តែងចំណាប់អារម្មណ៍ក្នុងការជំរុញការតភ្ជាប់គម្រោងអភិវឌ្ឍធារាសាស្រ្តនេះជាមួយតំបន់ផ្សេងទៀត ជាពិសេសខេត្តភាគខាងលិចមួយចំនួនផងដែរ។
ជាទីបញ្ចប់ ភាគីទាំងពីរបានបង្ហាញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងជំរុញការវិនិយោគ នៅកម្ពុជា ដើម្បីចូលរួមលើកកម្ពស់ផលប្រយោជន៍សេដ្ឋកិច្ចរួមរបស់កម្ពុជា និងសាធារណរដ្ឋកូរ៉េ ព្រមទាំងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំថែមទៀត។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន